ខេត្តតាកែវ៖ លោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវបានឲ្យដឹងថា ផ្ទៃក្នុងវាមិនស្រួលប៉ុន្មានទេ រឿងបង្ក្រាបដំណាំកញ្ឆា ព្រោះគេដាំនៅក្នុងព្រៃ ហើយកម្លាំងទៅម្ដងៗ បានប្រើប្រាស់កម្លាំងច្រើនណាស់ ទើបបង្ក្រាបបញ្ហា នេះបាន។
លោកបានបន្ដទៀតថា ខេត្តបានដាក់បទបញ្ជាគឺចាប់ម្ចាស់ចំការមកផ្ដន្ទាទោសតាមច្បាប់តែម្ដង ព្រោះពីមុនយោគយល់ពួកគាត់ថា មានជីវភាពក្រលំបាក ដោយអនុគ្រោះដោយណែនាំបញ្ឈប់ការដាំដុះកញ្ឆាតទៅទៀត។
លោកបន្ថែមទៀតថា នៅចំណុចគោលដៅជាច្រើនទៀត ដែលកម្លាំងពិបាកចុះទៅបង្ក្រាបមិនងាយស្រួលទេ ព្រោះអ្នកដាំមានមធ្យោបាយច្រើនណាស់អាចឲ្យជួបគ្រោះថ្នាក់ដែរ ព្រោះខ្លាចអ្នកដាំដាក់វត្ថុរារាំងវាជារបៀបបុរាណ អាចឲ្យកម្លាំងជួបគ្រោះថ្នាក់។
លោកបានបញ្ជាក់បន្ថែមទៀតថា កន្លងមក ការបង្ក្រាបមានតែកម្លាំងនគរបាលនោះទេ ចំពោះកម្លាំងប៉េអឹម និងកម្លាំងទាហានគឺជាកម្លាំងអន្ដរាគមន៍ តែបើខាងមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ហើយ គឺត្រូវតែស្នើសុំកម្លាំងចម្រុះជួយសហការក្នុងការចុះទៅបង្ក្រាប ប៉ុន្ដែចាប់ពេលនេះតទៅខាងខេត្ត នឹងរៀបចំផែនការចុះបង្ក្រាបជាទ្រង់ទ្រាយធំ។
លោក គង់ សំអូន ស្នងការរងទទួលផែនសេនាធិការ នៃស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងផងដែរថា ខាងស្នងការបានដាក់កម្លាំងជាង៧០នាក់ឲ្យចុះទៅជួយលោក យុគ សារ៉ាត់ ដើម្បីបង្ក្រាបដំណាំកញ្ឆាក្នុងមូលដ្ឋានរបស់លោក។
លោកបន្ដទៀតថា ដំណាំកញ្ឆានៃការចុះបង្ក្រាបគឺមាននៅតែចំណុចដដែលៗ ឯចំណុចដែលពលរដ្ឋចង់បាន កម្លាំងចុះទៅបង្ក្រាបគឺកម្លាំងនៅមិនទាន់ទៅដល់។ លោកបន្ថែមទៀតថា រឿងបទល្មើសដំណាំកញ្ឆាជិត១០ឆ្នាំនៅស្រុកគីរីវង់ លោកបានត្រឹមតែដឹងទេ តែចំណាត់ការផ្ទាល់គឺលោកអធិការជាម្ចាស់ទឹកម្ចាស់ដីហើយរឿងអធិការបណ្ដែតបណ្ដោយឲ្យមានបទល្មើសក្នុងមូលដ្ឋានដ៏សម្បូរបែបយ៉ាងនេះគឺមានតែថ្នាក់លើនោះទេ ដែលមានសិទ្ធិចំណាត់ការលើលោកអធិការរូបនេះ។
គួររលឹកថា លោក គង់ សំអូន កាលពីពេលថ្មីៗនេះ ក៏បានថ្លែងឲ្យដឹងថា ដំណាំកញ្ឆានៅស្រុកគីរីវង់បើមិនមានអ្នកនៅពីក្រោយទេគឺមិនអាចដំណើរការដាំរហូតជិត១០ឆ្នាំ បានដោយរលូននោះទេ។ ចំណែកលោក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ កាលពីពេលថ្មីៗនេះ បានថ្លែងទទួលស្គាល់ពិតជាមានការដាំកញ្ឆាជិត១០ឆ្នាំមែន ហើយការចុះទៅបង្ក្រាប់នៅចំណុចធំៗមួយចំនួនវាពិបាកណាស់ ៕ ភ្នំដា