ភ្នំពេញ៖ គ្រាន់តែក្រឡេកមើលហ្វេសប៊ុក នឹងឃើញព័ត៌មានព្រោងព្រាតដែលចុះផ្សាយពីសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោះលែងមេធាវី អ៊ិត ពិសិដ្ឋរង្សី ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ ការដោះលែងនេះ ទទួលបានការប្រតិកម្មរិះគន់ ស្ទង់កម្តៅឡើងដល់១៨០អង្សាសេ ឯណោះ ។
ហ្វេសប៊ុកមួយឈ្មោះ Sovannrith Tep សរសេរថា”បទល្មើសធ្ងន់ធ្ងរប៉ុណ្ណឹងហើយនៅចេញពីគុកបានទៀត សូមសរសើរអស់ពីចិត្តលោកតុលាការ”។ មួយទៀត សរសេរថា”វាក្លាយទៅជារឿងធម្មតាទៅហើយបង យុត្តិធម៌ត្រូវបានដាក់ថ្លឹងគីឡូលក់ ដូចសាច់ជ្រូក សាច់គោ នៅតាមផ្សារអញ្ចឹង”។
នៅមានជាច្រើនទៀតដែលសរសេរថា”ពួកគេខ្លះបានទាយថាចាំមើលតើជាប់បានប៉ុន្មានថ្ងៃលែងចេញវិញហើយឥឡូវមែនដូចគេថាមិនខុសមែន រឿងបាញ់បោះបង្ករបួសគឺរឿងធម្មតាទៅហើយ” ។ អ្នកខ្លះសរសេរថា”ខ្ញុំគិតហើយជាប់មិនយូរទេឱ្យតែមានលុយគំនិតគួរពិចារណា លុយមិនអាចទិញអ្វីគ្រប់យ៉ាងបានទេ តែលុយអាចបញ្ជាទេវតាបាន”។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា មេធាវី អ៊ិត ពិសិដ្ឋរង្សី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បដិសេធការសុំនៅក្រៅឃុំបណ្តោះអាសន្ន រួចបានប្តឹងបន្តទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ទើបត្រូវសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោះលែងឱ្យនៅក្រៅតែម្ដង។
ដោយឡែកមន្ត្រីពន្ធនាគារប៉េហ្ស៊ី ឱ្យដឹងថា មេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ។
លោក អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ បង្គាប់ឱ្យយកទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានភាពទម្ងន់ទោស។
សូមបញ្ជាក់ថា កាលពីវេលម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មេធាវី អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបាញ់បោះចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅតាមផ្លូវលេខ២១១ កែងផ្លូវលេខ២១៧ ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានចេញពីហូបការ រួចជិះរថយន្តរបស់ខ្លួនម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 តែម្នាក់ឯង មកផឹកបន្តជាមួយមិត្តភក្តិ នៅចំណុចកើតហេតុ ផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែពួកគេមានជម្លោះជាមួយគ្នា ហើយជនសង្ស័យបានទៅយកកាំភ្លើងនៅក្នុងរថយន្ត មកបាញ់ជនរងគ្រោះឈ្មោះ លី តុលា អាយុ២២ឆ្នាំ បណ្តាលឲ្យរងរបួសជើង និងបាញ់ឡើងលើមួយគ្រាប់។ បន្ទាប់មកជនសង្ស័យក៏បានយកកាំភ្លើង ទៅភ្ជង់ក្បាលជនរងគ្រោះម្នាក់ឈ្មោះ ខុន បញ្ចាសិទ្ធិ អាយុ២០ឆ្នាំ នាំឲ្យភ័យឡើងព្រលឹងចុងសក់។
ដោយឡែកតាមព័ត៌មាន ដែលភ្នាក់ងារព័ត៌មាន បានទទួលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើងលោកមេធាវីបង្ក និងជនរងគ្រោះទាំង២នាក់ជាមនុស្សស្គាល់គ្នា ហើយបានញ៉ាំការជាមួយគ្នា នៅយប់កើតហេតុ។ តែពេលហូបការរួច ជនបង្កចេញមកមុន ហើយបានទូរស័ព្ទហៅជនរងគ្រោះទៅទទួលទានបន្ត នៅហាងទារខ្វៃនៅជិតផ្ទះអគ្គស្នងការនគរបាលជាតិ ស្ថិតនៅតាមផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែមានទំនាស់ក៏បាញ់តែម្តង។ ក្រោយបាញ់ជនរងគ្រោះហើយ ស្រាប់តែលោកមេធាវី បានប្រើពាក្យសំដីថា «ហ្អែង កុំចេះប្រយ័ត្នអញបាញ់ងាប់»៕ ចេស្តា