ខេត្តកណ្តាល៖ ឧកញ៉ា រឿង សំអាង ហៅពៅ ទំនងគេចមិនផុតពីសំណាញ់ច្បាប់ទេ ទោះបីពេលនេះកូនចៅកំពុងបង្វែររឿងថា ឧកញ៉ាពៅ មិនមែនជាអ្នកបាញ់ក៏ដោយ ពោលគឺចង់បង្វែររឿងពីខ្មៅទៅជាស ។ អធិការស្រុកស្អាង ព្រមានថាអ្នកព្យាយាមផ្តល់ព័ត៌មានមិនពិតក៏ត្រូវមានទោសព្រហ្មទណ្ឌដែរ ។
ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា ជនបង្កជាឧកញ៉ា រឿង សំអាង ហៅពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាមខាងជំនាញ ក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។
បន្ទាប់ពីបាញ់ ឧកញ៉ាពៅ បានបញ្ជាឱ្យកូនចៅរបស់ខ្លួនបើកអា«អិច»កាយដីយកទៅដាក់ចំកណ្តាលផ្លូវដើម្បីបង្អាក់ដំណើរជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រអា«អិច»កាយដី បានខូច។
ពាក់ព័ន្ធករណីនេះ មិនមានសមត្ថកិច្ចឃាត់ខ្លួនជនបង្កក្នុងសកម្មភាព រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃសុក្រទី១៩ ខែមករា ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់។
មន្ត្រីបង្ហើបថា ឧកញ៉ាពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ គេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថាមានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ឱ្យដឹងថា សមត្ថកិច្ចបានហៅឈ្មោះ លី ចាន់សុក្ខំ អាយុ៣០ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជាមេការរណ្ដៅដីឧកញ៉ាពៅ ដោយជននេះបានព្យាយាមឆ្លើយបង្វែរដាន បើទោះសមត្ថកិច្ចនាំយ៉ាងណាក៏ដោយ។
លោក សេង សុជាតិ បញ្ជាក់ថា ការឆ្លើយបំភ្លឺរបស់មេការ ប្រសិនបើឆ្លើយបំភ្លឺបង្វែររឿងពិតនោះ ប៉ុន្តែបើសិនជានគរបាលធ្វើការស្រាវជ្រាវរកឃើញថា ឈ្មោះជាអ្នកប្រព្រឹត្តិបាញ់រហូតដល់២០គ្រាប់នោះ ឈ្មោះ លី ចាន់សុក្ខំ នេះគឺត្រូវជាប់ទោស ពីបទលាក់បំបាំងការពិត ត្រូវទទួលទោសតាមផ្លូវច្បាប់៕ ចេស្តា