ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បានឲ្យដឹងថាបច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយលោក នឹន សោម នាយសង្កាត់រដ្ឋបាលជលផលមោងប្ញស្សី មិនចាត់វិធានការបង្ក្រាបនោះទេ។ ប៉ុន្តែនៅពេលប្រជាពលរដ្ឋប្រើឧបករណ៍ខុសច្បាប់តិចតួចដើម្បីចាប់ត្រី បែរជាលោក នឹន សោម ប្រើអំណាចគាបសង្កត់ជំរិតយកលុយយ៉ាងកំរោល ហើយបំផ្លាញឧបករណ៍នេសាទរបស់ពលរដ្ឋចោលទៀតផង។ បញ្ហានេះគឺជារឿងដែលលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង គឺជាអ្នកឃុបឃិតបើកដៃឲ្យមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយដើម្បីចែកផលប្រយោជន៍គ្នាយ៉ាងសុខស្រួល។
ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាលោក នឹន សោម បានគាបសង្កត់ជំរិតយកលុយពីពួកគាត់១,៥លានរៀល ហើយថែមទាំងបំផ្លាញឧបករណ៍នេសាទរបស់ប្រជាពលរដ្ឋយ៉ាងកំរោលគ្មានការយោគយល់អ្វីឡើយ។ ចំណែកក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ បែរជាលោក នឹន សោម នាយសង្កាត់រដ្ឋបាលជលផលមោងប្ញស្សី មើលរំលងហើយបណ្ដោយឲ្យបទល្មើសកើតឡើងកាន់តែខ្លាំងជាងមុនទៅទៀត។ ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃស្រុកមោងប្ញស្សី អំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នឹន សោម នាយសង្កាត់រដ្ឋបាលជលផលមោងប្ញស្សីជាបន្ទាន់។
ប្រភពពីប្រជានេសាទក្នុងស្រុកមោងប្ញស្សី បានឲ្យដឹងថាលោក នឹន សោម ប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ ដោយសារតែមានការបើកដៃពីសំណាក់លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ដែលគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយ ហើយបណ្ដោយឲ្យបទលើ្មសកើតឡើងយ៉ាងពេញបន្ទុក។ មន្ត្រីរដ្ឋបាលជលផលក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថាលោក នឹន សោម ធ្លាប់ប្រើអំណាចប្រព្រឹត្តអំពើពុករលួយតាំងពីនៅធ្វើជាមន្ត្រីរដ្ឋបាលជលផលក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ មកម្ល៉េះ។ នៅពេលទទួលបានតំណែងជានាយសង្កាត់រដ្ឋបាលជលផលមោងប្ញស្សី គឺលោក នឹន សោម ប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃតែម្តងរហូតប្រជាពលរដ្ឋអត់ទ្រាំតទៅទៀតលែងបានក៏បើកកកាយរឿងអាស្រូវពុករលួយរបស់បុគ្គលនេះជាសាធារណៈ៕