ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ក្នុងចំណោមបក្ខពួក៦នាក់ខណៈពួកគេបាននាំគ្នាចេញពីផឹកស៊ីនិងច្រៀងខារ៉ាអូខេបំណងជូនបងប្អូនទៅផ្ទះហើយត្រូវក្រុមក្មេងស្ទាវមួយក្រុមស្ទាក់កាប់ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅផ្ទះជួល ភូមិព្រៃពព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះទី១-ឈ្មោះ ងឹម សុខគីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ និងស្រុកកំណើតជាមួយគ្នា និងជនរងគ្រោះទី២-ឈ្មោះ ងឹម វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ផ្ទះជួលនៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិធន់មន់ ឃុំបារ៉ាយ ក្រុងតាកែវ ខេត្តតាកែវ។
តាមប្រភពព័ត៌មានជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបាននាំគ្នាផឹកស៊ីនៅផ្ទះជួល ដោយផឹកស៊ីមានគ្នា៦នាក់ក្នុងនោះមានបងប្អូនបង្កើត៣នាក់ និងមិត្តរួមការងារចំនួន៣នាក់ ដោយផឹកស៊ីតាំងពីក្បាលព្រលប់ លុះនៅវេលាម៉ោង៩យប់ ម្ចាស់ផ្ទះបានមកឃាត់ឲ្យឈប់ច្រៀងដល់ម៉ោងសម្រាកហើយ ហើយនៅពេលនោះមិត្តភក្តិជនរងគ្រោះ៣នាក់ដែលផឹកស៊ីជាមួយគ្នា បានទៅបន្ទប់ជួលដែលនៅជិតកន្លែងកើតហេតុរៀងខ្លួននៅសល់ពួកគាត់៣នាក់បងប្អូននៅផ្ទះជួលឆ្ងាយពីគ្នា ។
បន្ទាប់ពួកគេបានជូនមិត្តភក្តិម្នាក់ទៅបន្ទប់ ហើយខណៈចេញមកក្រៅបានបន្តិ ស្រាប់តែមានក្រុមក្មេងស្ទាវចំនួន ៥ទៅ៦នាក់ប្រដាប់ដោយ ដំបងទីបនិងកាំបិតបុ័ងតោបានរត់មកកាប់វាយពួកគាត់ទាំង៣នាក់បងប្អូនបណ្តាលឲ្យរងរបួសធ្ងន់២នាក់បងប្អូន និងម្នាក់រត់រួចខ្លួន។ បន្ទាប់មកជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ដែលទើបមកពីព្យាបាលរួចនៅមន្ទីរពេទ្យវិញបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ