ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៥នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទាំងថ្ងៃ ខណៈពួកគេកំពុងអង្គុយលក់ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចម្តុំរោងចក្រC7 ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងដកហូតថ្នាំញៀន៤កញ្ចប់។
ជនសង្ស័យដែលឃាត់ខ្លួនទាំង៣នាក់ ទី១.ឈ្មោះ សុខ តួ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ទី២.ឈ្មោះ ស្រ៊ាង វ៉ាន់ដា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងទី៣.ឈ្មោះ ឡុង ប៉ុច ភេទទី៣ អាយុ៣៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងល្បាតរបស់កងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានចុះល្បាតក្នុងមូលដ្ឋានតាមបទបញ្ជា និងជំរុញពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ និងមានកិច្ចសហការណ៍រវាងកម្លាំងនគរបាល ជាមួយប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលឈានទៅដល់បង្ក្រាបចាប់ឃាត់ខ្លួនមនុស្ស៥នាក់ ត្រង់ចំណុចខាងលើ តែសាកសួរ និងពិនិត្យជាក់ស្តែង រកឃើញជនសង្ស័យ៣នាក់ មានជាប់ពាក់ព័ន្ធគ្រឿងញៀន៤កញ្ចប់ ចំណែកស្រ្តី២នាក់ទៀត ពុំមានពាក់ព័ន្ធ សមត្ថកិច្ចបានអនុញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ។
ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ