ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍នគរបាលបាវិតបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបាវិតបានប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានឲ្យកាសែតនគរវត្តដឹងថា កម្លាំងសមត្ថកិច្ចនគរបាល បាវិតបានប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណីត្រង់ចំណុចផ្ទះ ពេជ ប៑ុនធឿន ( ហៅ វិត)ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួន មុខសញ្ញាប្រើប្រាស់ចំនួន៤ នាក់ ទៀតដែលមានឈ្មោះដូចខាងក្រោម៖

ឈ្មោះ នួន អាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ឈ្មោះ ប្រាក់ ទ្រី ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ បុគ្គលិកកាស៑ីណូ មានទីលំនៅ សង្កាត់៤ ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ, ឈ្មោះ សុខ ស៊ី ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ប៉ែន បុរី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចក៏បានដកហូតបានវត្ថុតាងម្សៅក្រាមព៌ណសរថ្លា (ថ្នាំញៀន) ០១ កញ្ចប់តូច និងរបស់របរមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងបញ្ជួន ទៅការិយាល័យជំនាញខេត្តចាត់ការបន្ត ៕ យឹម សុថាន


ចែករំលែក៖