ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្ត​កំពង់ចាមឃាត់មនុស្ស៧នាក់​ពាក់ព័ន្ធ​ថ្នាំ​ញៀន​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី នៅចំណុចវត្តស្វាយតានង់ ស្ថិតក្នុងភូមិស្វាយតានង់ ឃុំព្រែករំដេង ​ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រីសន្ធរ​ បានបេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ​ក្នុង​នោះឃាត់ជនសង្ស័យ៧នាក់ ។

លោក វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យ​ ប្រឆាំងគ្រឿងញៀនបានអោយ​ដឹងថា​ កិច្ច​សហការដឹកនាំដោយលោកផ្ទាល់សហការរួមជាកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រីសន្ធរ​ ។

លោកបន្តថា​ ជនសង្ស័យទាំង៧នាក់​ ដែលត្រូវសមត្ថកិច្ច​ ឃាត់ខ្លួន​ ៖ ១-ឈ្មោះ​ យ៉ា យូសុះ ភេទ​ប្រុស អាយុ៣៣ឆ្នាំ​, ២-ឈ្មោះ​ អា​ រ៉ូហ្វឺត ភេទប្រុស អាយុ៣០ឆ្នាំ​ ៣-ឈ្មោះ រ៉ូ សាលី ភេទប្រុស អាយុ២៥​ឆ្នាំ​ ៤-ញ៉ា ហ្វាហ្សី ភេទប្រុស អាយុ២៤ឆ្នាំ​ ។ អ្នក​ទាំង០៤នាក់ស្នាក់នៅភូមិស្វាយតានង់ ឃំុព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ ។ ៥-ឈ្មោះ​ លាស់ ម៉ាអាត ភេទប្រុស អាយុ៣៥ឆ្នាំ​ នៅភូមិអង្គរបានទី១ ឃំុអង្គរបាន ស្រុកកងមាស​ ៦-ឈ្មោះ​ លន់ វុទ្ធី​ ភេទប្រុស អាយុ២១​ឆ្នាំ​ និង​ទី៧-ឈ្មោះ​ ថា ណាចារ ភេទប្រុស អាយុ១៩ឆ្នាំ​​ទាំពីរនាក់នៅភូមិព្រែករំដេង ឃំុព្រែករំដេង ស្រុកស្រីសន្ធរ​។ រឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សង្ស័យថ្នាំញៀន០២កញ្ចប់ ទូរស័ព្ទដៃ០៥គ្រឿង និងម៉ូតូ០៤គ្រឿង។

ជនសង្ស័យ​ទាំង​៧នាក់​រួមនិងវត្ថុតាង​ កម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់​ ៕​ វណ្ណៈ


ចែករំលែក៖