ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យនិងឆែកឆេរ រកឃើញថ្នាំញៀន១កញ្ចប់ធំ ជាប់នឹងខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឯម ភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ ភាព ភក្ត្រ័ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ ស៊ី ម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំ រួមនិងទូរសព្ទចំនួន២គ្រឿង។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដឹកនាំដោយលោក ឯម ភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងឈរនៅចិញ្ចើមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំ ដែលជនសង្ស័យបានទម្លាក់ចោលនៅក្បែរជើង ទើបសម្រេចធ្វើការឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។

ក្រោយមក ជនសង្ស័យឈ្មោះ ភាព ភក្ត្រ័ បានសារភាពថា ថ្នាំញៀននេះ គឺខ្លួនបានទិញពីឈ្មោះ ស៊ី ម៉ន ក្នុងតម្លៃ២ម៉ឺនរៀល តែមិនទាន់ឲ្យលុយទេ ទាល់តែអស់ទើបឲ្យលុយដើម្បីយកទៅរំលែកដាក់កញ្ចប់តូច ដើម្បីលក់បន្តក្នុង១កញ្ចប់ ១ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ធ្វើការសាកសួរ​និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕ តាឡឹម


ចែករំលែក៖