ភ្នំពេញ៖ រថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿង បានបើកបុកបុករះរថយន្តម៉ាកតាកូម៉ា១គ្រឿង និងម៉ូតូ២គ្រឿងជាបន្តបន្ទាប់ បណ្ដាលឲ្យមានមនុស្សម្នាក់រងរបួស រួចបានជ្រុលបន្តទៅបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បណ្ដាលឲ្យបាក់អស់១ផ្ទាំងថែមទៀត។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចមុខភូមិគ្រឹះរបស់លោករដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្ថិនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ4A-1756 អ្នកបើកបររត់បាត់ ចំណែករចយន្តតាកូម៉ាពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2O-3239 រងការខូចខាតចំហៀងខ្លួនខាងឆ្វេង ។ រីឯមូតូដែលរងការខូចខាត២គ្រឿងដែរនោះ មាន១គ្រឿង ម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-9869 និង១គ្រឿងទៀតម៉ាកវីវ៉ាពណ៍ក្រហមពាក់សហលាកលេខ ភ្នំពេញ 1BP-1456 ។ ដោយឡែក អ្នករងរបួសមិនត្រូវបានស្គាល់ឈ្មោះឡើយ ហើយរបងភូមិគ្រឹះលោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបាក់អស់ផ្ទាំង។
តមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនថា មិនបញ្ហាអ្វីឡើយ ស្រាប់តែរថយន្តនេះបានបុកឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវទាំងកំរោល។ បន្ទាប់មកបានជ្រុលទៅបុករថយន្តតាកូម៉ាដែលកំពុងបើកបរក្នុងទិសដៅច្រាស់គ្នា បណ្ដាឲ្យរថយន្តតាកូម៉ាវិល១ជុំទៅបោកម៉ូតូ២គ្រឿងខាងលើដួលពេញផ្លូវ ចំណែករថយន្តបង្កបានជ្រុលបន្តទៅបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តីចម ប្រសិទ្ធបណ្ដាលឲ្យបាក់អស់១ផ្ទាំងទើបទៅមុខលែងរួច ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។
បន្ទាប់មកនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានចុះទៅសម្រួលចរាចរមិនឲ្យមានការកកស្ទះរួចបានរាយការណ៏ជូននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះវាស់វែង និងនាំយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ