ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនសង្ស័យមានគ្នា៣នាក់ ព្រួតវាយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅលើផ្លូវលំក្នុងភូមិ ដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលដឹកនាំដោយលោកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ចុះទៅក្របួចបានជនសង្ស័យម្នាក់ផងដែរ ខណៈដែលបក្ខពួកជនសង្ស័យ២នាក់ទៀតកំពុងរត់គេចខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកព្រលឹម ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ រតនៈ អាយុ២១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកើតហេតុខាងលើ ហើយនៅក្បែរស មានកង់ចំនួន១, ពិលចំនួន១, ស្បែកជើង១គូ ដំបង២កំណាត់ រួមនឹងលុយចំនួន១ម៉ឺនរៀល។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន ក្នុងចំណោមបក្ខពួក៣នាក់ មានឈ្មោះ ឆាង ផានិត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិជាមួយគ្នា។ ចំណែកបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។
បើតាមការអះអាងរបស់ឪពុកម្តាយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១៩ ខែមករា ឪពុកជនរងគ្រោះបានប្រើឲ្យជនរងគ្រោះទៅយកពិលនៅឯផ្ទះបងប្អូន តែក៏បាត់រហូតមិនឃើញត្រឡប់មកផ្ទះនោះទេ លុះព្រឹកឡើងនៅម៉ោងកើតហេតុខាងលើ ខណៈដែលគាត់ជាឪពុកម្តាយកំពុងបេះត្រកួន ស្រាប់តែមានគេប្រាប់ថា កូនរបស់គាត់ត្រូវបានគេវាយសម្លាប់ ដោយស្លាប់ផ្កាប់មុខ និងមានឈាមប្រឡាក់ពេញខ្លួន និងមានដំបង ២កំណាត់ រួមនឹងកង់មួយគ្រឿង ក៏ដូចជាពិល នៅក្បែរសព ទើបប្រញាប់នាំគ្នាមកមើល ទើបច្បាស់ថាជាកូនរបស់គាត់ពិតមែន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍ជើងឯក ក៏ដូចជាកម្លាំងជំនាញផ្នែកកោសល្យវិច័យ ជាច្រើននាក់បានមកពិនិត្យសពដល់កន្លែងកើតហេតុតែម្តង ហើយភ្លាមៗនោះ លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានកំណត់មុខសញ្ញាជនសង្ស័យបានឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន បានភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងដោយផ្ទាល់ដៃលោកតែម្តង ដាក់បញ្ជូនតាមរថយន្តរបស់លោក យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបើកការសាកសួរភ្លាមៗជុំវិញករណីឃាតកម្មខាងលើ។ ចំណែកសពត្រូវបានដឹកតាមរ៉ឺម៉កកង់បីយកទៅតម្កល់ទុកនៅវត្តជើងឯក ដើម្បីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យបន្ត។
លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្តទៀតថា ជាលទ្ធផលក្រោយការសាកសួរទៅលើជនសង្ស័យឈ្មោះ ឆាង ផានិត រួចមកគេបានសារភាពថា រូបគេ និងបក្ខពួក២នាក់ទៀត សរុបទាំងអស់៣នាក់ ពិតជាបានវាយទៅលើជនរងគ្រោះពិត ព្រោះតែមុនពេលកើតហេតុ កាលពីពាក់កណ្តាលយប់ ជនរងគ្រោះខាងលើនេះ បានទៅអុកឡុកនៅផ្ទះរបស់ជនសង្ស័យខាងលើ ទើបធ្វើឲ្យជនសង្ស័យទាំង៣នាក់ខឹង ក៏ផ្ទុះហិង្សាព្រួតវាយតែម្តង ដោយមិនបានដឹងថា ជនរងគ្រោះស្លាប់នោះទេ លុះព្រឹកឡើងទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។ ចំណែកបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចជំនាញខណ្ឌដង្កោសាកសួរ និងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត និងស្រាវជ្រាវរកបក្ខពួក២នាក់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ