ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលស្រុកថ្មពួកប្រើហិង្សាលើពលរដ្ឋ?

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកអ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួករងការរិះគន់ថា បានបង្កហិង្សាវាយទៅលើប្រជាពលរដ្ឋក្នុងពិធីកាត់ចំណងដៃមួយកន្លែងនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីសប្តាហ៍កន្លងទៅ។

ជនរងគ្រោះឈ្មោះ សិទ្ធិ រ៉េត អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានអះអាងថា ខ្លួនត្រូវលោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក រួមទាំងកូនចៅព្រួតចាប់ទះកំផ្លៀង និងប្រើអាយកូមវាយបណ្តាលឲ្យបែកខាងលើចិញ្ចើមដេរអស់៦ថ្នេរក្នុងពិធីពិសាភោជនាហារកាត់ចំណងដៃ នៅចំណុចផ្សារថ្មពួកចាស់ ស្រុកថ្មពួក កាលពីយប់ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ ។

លោក អ៊ុក សុផាត អធិការនគរបាល ស្រុកថ្មពួកបានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់នេះដោយថា លោក មិនបានបង្កហិង្សាឲ្យមានរបួសស្នាមទៅលើប្រជាពលរដ្ឋនោះទេ ។

លោកបានបន្តថា ថ្ងៃនោះខណៈដែលលោកកំពុងទទួលទានអាហារក្នុងពិធីក៏ មានសាច់ញាតិម្ចាស់ការមកប្រាប់ថា ឈ្មោះ សិទ្ធិ រ៉េត ផឹកស្រាស្រវឹង ហើយដើររករឿងក្នុងរោងការដោយសុំឲ្យលោកជួយសម្របសម្រួល។ លោកក៏ដើរទៅប្រាប់ឈ្មោះ សិទ្ធិ រ៉េត ថា បើប្អូនផឹកស្រវឹងហើយទៅដេក ទៅកុំបង្ករឿង តែឈ្មោះ សិទ្ធិ រ៉េត បែរជា មកដំឡើងសរសៃកដាក់លោកទៅវិញ លោកក៏គ្រវាសដៃចំឈ្មោះ សិទ្ធិ រ៉េត ១ដៃ តែវាមិនមែនជាការវាយ ឬទះនោះទេ ភ្លាមនោះក៏មានបងប្អូនដែលចូលរួមពិសា អាហារនាំគ្នាចូលមកឃាត់តែម្តង ។

លោកបន្ថែមថា ក្រោយពេលកើតហេតុលោកបានរាយការណ៍រឿងនេះទៅលោកស្នងការដែរ ហើយពេលនេះរឿងហេតុខាង លើក៏បានបញ្ចប់អស់ហើយដែរដោយការសុំទោសគ្នាទៅវិញទៅមក ៕ ហេង នរិន្ទ្រ


ចែករំលែក៖