ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ប៉ុល ភេធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារនីតិជនបានថ្លែងថា ឆ្លងតាមកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា ជាមួយអង្គការមេត្រីអន្តរជាតិ(AIMSWAT) កន្លងទៅពិនិត្យឃើញថា បទល្មើសជួញដូរមនុស្ស ពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទ លើអនីតិជនមានការប្រែប្រួលពីលក្ខណៈចំហមកជ្រកក្រោមរូបភាពម៉ាស្សា កោសជប់ ហាងកាត់សក់ និងខារ៉ាអូខេ។
ចំពោះជនរងគ្រោះជាអនីតិជនដែលជ្រកក្រោមរូបភាពទាំងនេះ ត្រូវបាននាយកដ្ឋានសហការជាមួយអង្គារមេត្រីអន្តរជាតិស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបបានជា បន្តបន្ទាប់ ។
ការថ្លែងបញ្ជាក់នេះបានធ្វើឡើងក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធនៅនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិ ជនកាលពីព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ ។
លោកឧត្តមសេនីយ៍ឯកបានបន្តថា វគ្គ បណ្តុះបណ្តាលនេះពិតជាបានផ្តល់ចំណេះ ដឹង ជំនាញ និងបទពិសោធន៍ថ្មីៗតាមរយៈការហ្វឹកហាត់ផ្ទាល់សំដៅរកភាពរីកចម្រើន និងកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ពិសេសការបង្រ្កាបបទល្មើសចាប់ជនសង្ស័យបញ្ជូនទៅតុលាការ និងជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា ។
ឆ្លងតាមវគ្គបណ្តុះបណ្តាលនេះបញ្ជាក់ឲ្យឃើញច្បាស់ពីអំពីការរីកចម្រើនលើ សមត្ថភាពមន្រ្តីជំនាញ និងការខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជាក្នុងការស្រាវជ្រាវស៊ើបអង្កេតបទល្មើសជួញដូរ មនុស្ស និងអាជីវកម្មផ្លូវភេទលើស្រ្តី និង កុមារក្រោមកិច្ចសហប្រតិបត្តិការជាមួយ អង្គការពាក់ព័ន្ធ ជាពិសេសអង្គការមេត្រី អន្តរជាតិ ។
វគ្គបណ្តុះបណ្តាលនេះបានគ្រូឧទេ្ទសនាមដែលមានបទពិសោធន៍ខ្ពស់ក្នុងការ បំពេញភារកិច្ចកន្លងទៅនៅសហរដ្ឋអាមេរិក ហើយក៏ជាលើកទី៨ដែលអង្គការមេត្រីអន្តរជាតិបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសជាលើកទី១ដែលនគរ បាលយើងទទួលបានការហ្វឹកហាត់បាញ់កាំភ្លើងកាំរស្មី ។
លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាទទួល បានសុខសន្តិភាពពេញលេញ ហើយការប្រើប្រាស់អាវុធត្រូវបានកាត់បន្ថយយ៉ាងច្រើន ប៉ុន្តែចំពោះមន្រ្តីនគរបាលជំនាញដែលបាននិងកំពុងបំពេញភារកិច្ចរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពល រដ្ឋចាំបាច់ត្រូវតែមានការឈ្វេងយល់បន្ថែមនូវវិធីសាស្រ្តការពារខ្លួនពេលប្រតិបត្តិការបង្រ្កាបបទល្មើស ការប្រើប្រាស់អាវុធជាក់ស្តែងពេលចាប់ជនសង្ស័យ និងសង្គ្រោះ ជនរងគ្រោះឲ្យបានទាន់ពេលវេលាប្រកបដោយសុវត្ថិភាព ៕ ហេង សូរិយា