ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិព្រូដិនស៍ប្រកាសបន្តផ្សព្វផ្សាយឯកសារអប់រំសំខាន់ៗ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសកម្ពុជា តាមរយៈមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ខ្លួន គឺមូលនិធិព្រូដិនស៍ បានបន្តកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយនឹងស្ថានីយទូរទស្សន៍ ស៊ី ធី អិន ដែលជាស្ថានីយទូរទស្សន៍ដ៏ពេញនិយមមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយឯកសារអប់រំសំខាន់ៗរបស់មូលនិធិមួយសប្បុរសធម៌នេះ។

ឯកសារវីដេអូជាច្រើនរបស់មូលនិធិព្រូដិនស៍ មានគោលបំណងអប់រំប្រជាពលរដ្ឋខ្មែរ អំពីគ្រោះមហន្តរាយធម្មជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្មវិធីអប់រំហិរញ្ញវត្ថុ ។

អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក David Nutmanបានមានប្រសាសន៍ថា៖ “ខ្ញុំមានជំនឿមុតមាំថា ភាពជាដៃគូនេះ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សហគមន៍ដែលយើងកំពុងជួយ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា តាមរយៈមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ខ្លួន គឺមូលនិធិព្រូដិនស៍ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងការអភិវឌ្ឍសង្គមនៅតាមសហគមន៍ដែលយើងធ្វើអាជីវកម្ម។ កម្មវិធីរបស់យើងបច្ចុប្បន្ន បាននឹងកំពុងរួមចំណែក និងផ្ដល់អត្ថប្រយោជន៍ដល់កុមាររាប់ម៉ឺននាក់ និងក្រុមគ្រួសាររបស់ពួកគេទូទាំងប្រទេសកម្ពុជា។ យើងសូមសម្ដែងនូវអំណរគុណដល់ស្ថានីយទូរទស្សន៍ CTN ក្នុងការសហការជាមួយយើងខ្ញុំ ដើម្បីផ្សព្វផ្សាយឯកសារអប់រំឲ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋខ្មែរ។ កាលណាកម្មវិធីអាចផ្សាយដល់ប្រជាពលរដ្ឋកាន់តែច្រើន នោះយើងនឹងអាចបង្កើតសង្គមដែលកាន់តែមានសុវត្ថិភាពថែមទៀត”។

ភាពជាដៃគូដំបូងរយៈពេល ៣ឆ្នាំដំបូង រវាងស្ថានីយទូរទស្សន៍ ស៊ី ធី អីន និងមូលនិធិព្រូដិនស៍ បានចាប់ផ្តើមកាលពីឆ្នាំ ២០១៤ ហើយភាពជាដៃគូថ្មី នឹងដំណើរការក្នុងរយៈពេល ៣ឆ្នាំជាបន្តបន្ទាប់ទៀត ចាប់ពីខែ មករា ឆ្នាំ ២០១៨ រហូតដល់ខែធ្នូ ឆ្នាំ ២០២០។

លោក Glenn Alaជានាយកផ្នែកទីផ្សារ នៃស្ថានីយទូរទស្សន៍ ស៊ី ធី អិន បានមានប្រសាសន៍ថា៖“យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្ដល់ជាមធ្យោបាយដល់មូលនិធិព្រូដិនស៍ ក្នុងការផ្សព្វផ្សាយកម្មវិធីអប់រំរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយដល់មហាជន ដែលក្នុងនោះមានវីដេអូអប់រំ ឆា-ឈីង ជាដើម ដែលខ្ញុំខ្លួនឯងផ្ទាល់ ជាមនុស្សពេញវ័យហើយនោះ ក៏យល់ឃើញថា សប្បាយ ហើយផ្ដល់ការអប់រំទៀត…តាមរយៈការលើកកម្ពស់ភាពជាពលរដ្ឋល្អ សុវត្ថិភាពទូទៅ និងការអប់រំផ្នែកហិរញ្ញវត្ថុដល់យុវជន និងមហាជន មានន័យថា យើងកំពុងតែជួយកសាងប្រទេសជាតិយើងឡើងវិញដូច្នោះដែរ”។

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូថ្មីនេះ ស្ថានីយទូរទស្សន៍ ស៊ី ធី អិន នឹងផ្សព្វផ្សាយទូទាំងប្រទេសនូវខ្សែវីដេអូអប់រំ ដែលផលិតដោយមូលនិធិព្រូដិនស៍។ ទាំងនេះរួមមាន ខ្សែវីឌីអូវិធានការសុវត្ថិភាពស្ដីពីការត្រៀមបង្កាគ្រោះមហន្តរាយ វិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលកម្មវិធីទាំងពីរនេះគឺជាគំនិតផ្តួចផ្តើម និងអនុវត្តទូទាំងតំបន់អាស៊ី ដោយមានការសហការជាដៃគូជាមួយតារាល្បីៗ ដូចជាលោក Manny Pacquiaoនិងលោកស្រី Michelle Yeohដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យក្លាយជាអ្នកប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយសុវត្ថិភាពជាងមុន ឬក៏មានការត្រៀមលក្ខណៈជាងមុនសម្រាប់គ្រោះមហន្តរាយ ដើម្បីរក្សាសុវត្ថិភាពពួកគេផ្ទាល់ កម្មវិធី ឆា-ឈីង គឺជាកម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារ និងកម្មវិធីពាក់ព័ន្ធមួយចំនួនទៀត ។

លោក Marc Fancy នាយកប្រតិបត្តិនៃមូលនិធិព្រូដិនស៍ បានមានប្រសាសន៍ថា៖ “វត្ថុបំណងរបស់មូលនិធិយើងគឺការជួយសង្គ្រោះជីវិត បង្កើតសហគមន៍ដ៏រឹងមាំ និងផ្ដោតលើបញ្ហានានាដែលកើតមាននៅក្នុងតំបន់ទាំងមូល។ យើងផ្ដោតលើបញ្ហានានា ដូចជា កុមារតូច ការអប់រំ ហើយជាពិសេស គឺយើងមិនត្រឹមតែផ្ដោតលើការឆ្លើយតបគ្រោះមហន្តរាយ និងការស្តារឡើងវិញពីគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែយើងផ្ដោតលើការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះមហន្តរាយផងដែរ។ ដូច្នេះហើយ យើងបានបង្កើតឡើងនូវកម្មវិធីនានា ដែលយើងគិតថា មានសារសំខាន់ និងរួមចំណែកដល់ការងារទាំងអស់នេះ”។ ចាប់តាំងពីឆ្នាំ ២០១៣ ក្រុមហ៊ុនព្រូដិនសលកម្ពុជា តាមរយៈមូលនិធិព្រូដិនស៍ បានកំពុងអនុវត្តកម្មវិធីសង្គមជាច្រើនដើម្បីការរីកចម្រើននៅក្នុងសង្គមកម្ពុជាយើង៕ វឌ្ឍនា


ចែករំលែក៖