ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វ ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៨ បានព្រមានធ្ងន់ៗថា ជន ទាំងឡាយណាដែលចូលរួមឬពាក់ព័ន្ធនឹងចលនាខុសច្បាប់នោះច្បាប់នឹងចាត់វិធានការដោយមិនឱ្យរួចខ្លួនឡើយ ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា អ្នកដែលពាក់ព័ន្ធនឹង ចលនាខុសច្បាប់ណាមួយនោះច្បាប់នឹងចាត់វិធានការហើយនៅពេលដែលរកឃើញព័ស្តុតាង និងឯកសារពាក់ព័ន្ធ ។
ការព្រមានធ្ងន់ៗរបស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្សុី រួមទាំងអតីតថ្នាក់ដឹកនាំបក្សនេះមួយចំនួនទៀតបានបង្កើតចលនាមួយនៅក្រៅប្រទេសឈ្មោះថា «ចលនាសង្គ្រោះជាតិ» ហើយក្រុមទាំងនោះបានអំពាវនាវឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុង និងក្រៅ ប្រទេស ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា ត្បិតតែចលនានេះមិនទាន់ចេញជារូបរៀងប៉ុន្តែក្រសួងមានសមត្ថកិច្ច កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់ក្រុមទាំងនោះ។ លោកបានបន្ថែមថា ច្បាប់នឹងមិនអនុញ្ញាតឱ្យមានសកម្មភាពល្មើសណាមួយកើតឡើងនៅកម្ពុជាឡើយ ។
«ចលនាសង្គ្រោះជាតិ» ត្រូវបានបង្កើត ឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយទណ្ឌិត សម រង្សុី រួមទាំងលោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ រួមទាំងអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលកាត់ទោសមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចលនា នេះត្រូវបានលោក សម រង្សុី អះអាងថា បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជាទាមទារឱ្យដោះលែងលោក កឹម សុខា រួមទាំងទាមទារឱ្យអតីតគណបក្ស សង្គ្រោះជាតិអាចចូលរួមបោះឆ្នោតនៅ ពេលខាងមុខនេះឡើងវិញ។
ពាក់ព័ន្ធនឹងការបង្កើតចលនាខុសច្បាប់របស់ក្រុមអ្នកប្រឆាំងក្រៅច្បាប់នោះលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨បាន ចេញសារព្រមានថា សកម្មភាពនយោបាយ ឧទ្ទាមប្រឆាំងនឹងច្បាប់ដែលក្រុមមួយចំនួនកំពុងតែធ្វើនោះពុំមានផលល្អអ្វីសម្រាប់ពួកគេទេក្រៅតែពីទោសទណ្ឌប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ ថា សកម្មភាពដឹកនាំ-ចូលរួមក្នុងចលនា ខុសច្បាប់សកម្មភាពមិនអនុវត្តសេចក្តី សម្រេចរបស់តុលាការ និងសកម្មភាពនានា ប្រឆាំងនឹងច្បាប់សុទ្ធតែជាអំពើល្មើសដែល ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ ។
ជាមួយគ្នានេះដែរលោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិចបាន ចំអកដល់អតីតថ្នាក់ដឹកនាំរបស់អតីត គណបក្សសង្គ្រោះជាតិដែលនៅតែបន្ត បែកបាក់គ្នាក្រោយពេលគណបក្សរបស់ ពួកគេត្រូវបានរំលាយ ។
លោក ញ៉េប ប៊ុនជិន បានមើលឃើញថា ការប្រកាន់បក្ខពួក និងភាពចម្រូងចម្រាសផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិនេះមិនមែនទើបនឹងកើតឡើងនៅពេលនេះទេគឺពួកគេចាប់ផ្តើមមានតាំងពីបង្កើតគណបក្សសង្គ្រោះជាតិម្លេ៉ះ។ លោកបានបញ្ជាក់ទៀតថា ក្រុមរបស់លោក សម រង្សុី និយម និងក្រុមរបស់លោក កឹម សុខា និយមបានដើរនយោបាយដោយមិនស៊ីចង្វាក់គ្នាសោះ ។
លោក ញ៉េប ប៊ុនជិន ចាត់ទុកថា ចលនា សង្គ្រោះជាតិខុសច្បាប់ដែលបង្កើតឡើងដោយក្រុមរបស់លោក សម រង្សុី នេះគ្រាន់តែដើម្បីប្រមូលលុយពីអ្នកគាំទ្រនៅក្រៅប្រទេសតែប៉ុណ្ណោះ ហើយមិនអាចជួយអ្វី ដល់លោក កឹម សុខា ឡើយ។ លោកលើក ឡើងយ៉ាងដូច្នេះថា «ម្នាក់នៅខាងក្នុងស្រុក ម្នាក់នៅខាងក្រៅស្រុកដែលគាត់ធ្វើចលនានេះខ្ញុំមើលទៅគ្រាន់តែដើម្បីប្រមូលបច្ច័យអ្នកគាំទ្រប៉ុណ្ណោះមិនអាចជាប្រយោជន៍អ្វី សម្រាប់អ្នកខាងក្នុងនោះទេ» ។
អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិច បានបន្ថែមថា ការផ្ទុះឡើងនូវរឿងចម្រូង ចម្រាសជាសាធារណៈនេះនឹងធ្វើឱ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិដែលគ្មានក្បាលម៉ាស៊ីនដឹកនាំកាន់តែពិបាកថែមទៀត ៕ ហេង សូរិយា