ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស់ស្រ្តីចំនួន ២នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តចំនួន ២ករណីផ្សេងគ្នា នៅស្រុកបាកាន និងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតក្នុងភូមិស្ដុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG 8540 បើកបរដោយឈ្មោះ មាស មឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N 4896 ដែលកំពុងធ្វើដំណើរស្របទិសគ្នាលិចទៅកើត បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហ៊ុន សេង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នានឹងអ្នកបររថយន្តដែរនោះ(របួសធ្ងន់)។
ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរឯណេះវិញបានឲ្យដឹងដែរថា នៅយប់ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែរនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១.១៦២ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែរ ដោយរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS 0663 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A 4103 ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យស្រ្តីឈ្មោះ យឹម សុភ័ក្រ្ក អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ(របួសធ្ងន់)។
ប្រភពព័ត៌មានដដែលទាំង ២ករណីខាងលើបន្តទៀតថា ភ្លាមៗក្រោយកើតហេតុគេបញ្ជូនជនរងរបួសទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តមន្រ្តីជំនាញបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន