ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់លួចណាត់ជួបគ្នាជាមួយប្រពន្ធគេត្រូវប្តីតាមទាន់ក៏បានទាញមួកសុវត្ថិភាពវាយបែកក្បាលហូរឈាមពេញខ្លួន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃ អង្គារ ៧ កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨។ នៅចំណុចក្បែរភ្លើងស្តុបច្រកចូលស្ពានឥន្ធនូ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសជាប្ដីមានឈ្មោះ សុខ ទ្រី អាយុ៣១ឆ្នាំ ខ្មែរកាត់ ជនជាតិវៀតណាម។
ស្ត្រីជាប្រពន្ធមាន សុខ យ៉ា អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានមុខរបរលក់កាហ្វេតាមរទេះ មានកូនប្រុស-ស្រីចំនួន០៣នាក់ ស្នាក់នៅផ្ទះជួលគ្មាន ខណ្ឌច្បារអំពៅ ។
ចំណែកបុរសដែលលួចណាត់ប្រពន្ធគេខាងលើមានឈ្មោះ ដាំង វ៉ាន់ទឹង អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាជាងសំណង់ ។
បើតាមសម្ដីពីបុរសជាប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា ពេលដែលប្រពន្ធបានត្រឡប់មកផ្ទះរួមរស់ជាមួយរូបគាត់ជាប្តី និងកូនប្រុស-ស្រី ៣នាក់ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេក៏បានលួចទាក់ទងគ្នាជាមួយបុរសខាងលើ ហើយក៏មានអ្នកស្គាល់គ្នាបានប្រាប់ថា ប្រពន្ធរបស់គាត់បានលួចទាក់ទងគ្នា ជាមួយនឹងបុរសខាងលើ ហើយនិងបានណាត់ជួបគ្នាឡើងផ្ទះសំណាក់ជាច្រើនលើកផងដែរ ។
ក្រោយពីបានលឺដូច្នេះ រូបគាត់ក៏បានជិះម៉ូតូតាមដានប្រពន្ធផងដែរ រហូតក៏ប្រទះឃើញពួកគេទាំងពីរនាក់ កំពុងតែអង្គុយក្បែរគ្នាផងនោះ គាត់ក៏ដើរទៅវាយប្រតប់គ្នា និងរុញច្រានបណ្តាលឱ្យបុរសខាងលើ និងបានទាញមួកសុវត្ថិភាពវាយក្បាលហូរឈាមផងដែរ និងបាននាំមកគ្នាមកកាន់ប៉ុស្តិ៍ទន្លេបាសាក់ដើម្បីអោយសមត្ថកិច្ចជួយ។
ក្រោយកើតហេតុ បុរសជាប្ដី មិនប្តឹងផ្តល់អ្វីនោះទេ សុំត្រឹមតែឲ្យបុរសដែរលួចទាក់ទងជាមួយនិងប្រពន្ធរបស់គាត់ ឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាឈប់ទាក់ទងជាមួយនឹងប្រពន្ធគាត់ទៀតទៅ ៕ ស រស្មី