ប៉ោយប៉ែត៖ បុរសម្នាក់គេប្រទះឃើញស្លាប់បាក់កកណ្តាលប្រឡាយសង្ស័យ ជាករណីគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះស្រឹម ស្រេង អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម។
ស្រ្តីជាប្រពន្ធឈ្មោះឆោម សុខនី អាយុ៣៤ឆ្នាំបានប្រាប់សមត្ថកិច្ចថា ប្តីរបស់នាងមុនស្លាប់កាលពីព្រលប់ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បានផឹកស៊ីជាមួយមិត្តភក្តិនៅម្តុំតំបន់ឧស្សហកម្មសេដ្ឋកិច្ចពិសេសអូរនាង។ ពេលនាងតាមរកឃើញកំពុងផឹកស៊ី ខ្លួន(ប្រពន្ធ) ស្តីបន្ទោស និងវាយ៣ទៅ៤មែកឫស្សីដើម្បីឲ្យគាត់ឈប់ផឹក ក្រោយមកលោកប្តីខឹង ក៏ទាញម៉ូតូបើកយ៉ាងលឿនបាត់ស្រមោល។
នាងបន្តថា ដោយមិនឃើញប្តីទៅដល់ផ្ទះ ក៏តាមរកតាំងពីយប់រហូតម៉ោង៥ទៀបភ្លឺក៏ឮអ្នកស្រុកនិយាយថា មានបុរសម្នាក់ស្លាប់ក្នុងប្រឡាយ នាងទៅមើលទើបដឹងថា ជាប្តីរបស់ ខ្លួនឯងសោះ។
នៅកន្លែងកើតហេតុ គេបានឃើញកម្លាំងនគរបាលជំនាញក្រុងប៉ោយប៉ែតបានចុះធ្វើកោសល្យវិច័យទៅលើសពរងគ្រោះ ដើម្បីរកភស្តុតាងទៅលើសពរងគ្រោះ។
លោកព្រុំ ពិសិទ្ធ អធិការរង នគរបាលក្រុងប៉ោយប៉ែត ទទួលបន្ទុកផែនព្រហ្មទណ្ឌប្រាប់តាមទូរស័ព្ទថា ករណីដែលបុរសស្លាប់ខាងលើនោះ គឺបុរសរួបនោះ ហូបស្រាស្រវឹងជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវកែងយកចង្កូតមិនទាន់ ក៏ជ្រុលធ្លាក់ប្រឡាយបាក់ កស្លាប់ខ្លួនឯង មិនមែនជាករណីឃាតកម្មឡើយ។
លោកថា ក្រោយពីកម្លាំងជំនាញរបស់អធិការ ក្រុងពិនិត្យរួចរាល់ បានប្រគល់សពបុរសរួបនោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា