ខេត្តកំពត ៖ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយា ឯកឧត្តម ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតា ចុះទៅប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងជាបន្តទៀតជូនចាស់ជរា លើទឹកដីខេត្តកំពត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លោកជំទាវ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ផ្ទះ១ខ្នងត្រូវបានប្រគល់ជូនលោកយាយ យិន សាមុត អាយុ៨០ឆ្នាំ លោកយាយរស់នៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
លោកយាយធ្លាប់បានជួបសម្តេចតេជោ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ពោលគឺមុនបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ ដែលពេលនោះលោកយាយត្រូវបានអ្នកលេង facebook ចែកចាយតៗគ្នាអំពី Video Clip ដែលលោកយាយបាននិយាយពីការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយលោកយាយនិយាយថា «មានតែបងសែនខ្ញុំទេដែលជួយរំដោះប្រជាជនឱ្យរួចផុតពីរបបកាប់សម្លាប់ ឃោឃៅ ព្រៃផ្សៃបំផុត (ប៉ុល ពត) ឱ្យរស់រានមានជីវិតទូទាំងប្រទេសកាលពីអតីតកាល និងធ្វើឱ្យប្រទេសមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ»។
សូមជំរាបថា ក្នុងរបប ប៉ុល ពត លោកយាយត្រូវរស់ក្នុងរបបនេះយ៉ាងខ្លោចផ្សារជាទីបំផុត ដោយលោកយាយត្រូវបានគេជម្លៀសពីកន្លែង១ទៅកន្លែង១ ហើយត្រូវរងទារុណកម្ម និងការងារជាច្រើនផងដែរ ដូច្នេះទើបលោកយាយមិនអាចបំភ្លេចបាននូវរំដោះថ្ងៃ៧មករា ឆ្នាំ១៩៧៩។
នៅថ្ងៃនេះ ក្រោយពីទទួលបានផ្ទះហើយនោះលោកយាយ ក៏ទទួលបានអំណោយបន្ថែមទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួចំនួនធំ។
ក្នុងឱកាសនោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជាសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ រួទេះរុញសម្រាប់ជនពិការចំនួន ៣គ្រឿង និងថវិកាមួយចំនួន៕ សុខខេមរា