ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់តូចចិត្តប្ដី និងកូនៗ ស្ដីបន្ទោសអំពីដេញចាប់មាន់មេមួយក្បាលដែលរត់ចូលក្នុងព្រៃបាត់ រកមិនឃើញ ក៏ចូលទៅក្នុងរោងសម្ងំផឹកថ្នាំបំពុល ប្រភេទទឹកខៀវអស់ជិតកន្លះដបទឹកសុទ្ធ ប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវអ្នកជិតខាងនាំគ្នាដឹកទៅព្យាបាលនិងលាងក្រពះនៅមន្ទីរពេទ្យ។
គ្រូពេទ្យជំនាញនិយាយថា អ្នកដែលផឹកថ្នាំប្រភេទទឹកខៀវ មានសង្ឃឹមរស់តិចណាស់។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៥២នាទីយប់ នៅរោងជិតផ្ទះស្ត្រីរងគ្រោះ ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ស្ត្រីជនរងគ្រោះឈ្មោះ កែវ យន់ ភេទស្រី អាយុ៥៣ ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមលោក ប៉ាច សុភ័ក្ក្រ ព្រិន្ទបាលឯកបានឲ្យដឹងថា៖ ក្រោយពីបានទទួលព័ត៌មានពីអ្នកភូមិរួចលោក ក៏បានចុះទៅដល់កន្លែងកើតហេតុ ទូរស័ព្ទទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនឲ្យរថយន្តសង្គ្រោះដឹកស្ត្រីរងគ្រោះទៅព្យាបាល និងដើម្បីលាងក្រពះឲ្យអស់ជាតិពុល។
បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ត្រីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត