ខេត្តសៀមរាប៖ យ៉ាងហោចណាស់មានមនុស្ស៥នាក់ បានរងរបួសធ្ងន់ និងស្រាលត្រូវបញ្ជូនទីសង្រ្គោះមន្ទីរពេទ្យភ្លាមៗ ក្រោយពីហេតុការណ៍គ្រោះថ្នាក់រវាងរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនពន្លឺអង្គរខ្មែរ បុកជាមួយម៉ូតូយ៉ាងពេញទំហឹង ។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិ ថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ច បានអោយដឹងថាមុនពេលកើតហេតុមានរថយន្តក្រុងដឹកអ្នក ដំណើររបស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ បានដឹកអ្នកដំណើរពីខេត្តសៀមរាបក្នុងទិសដៅ (ពីលិចទៅកើត) ហើយដឹកមនុស្សចំនួន៤៦នាក់ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងដែលបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តក្រឡាប់ផ្ញារជើងទៅម្ខាងផ្លូវ ចំណែកម៉ូតូក៏បានរងការខូចខាតជាដំណំ ចំណែកអ្នកបើកបរម៉ូតូ ពុំស្គាល់អត្តសញ្ញាណរងរបួសធ្ងន់បានជិះម៉ូតូតែម្នាក់ឯង និងអ្នកជិះរថយន្តចំនួន៤នាក់ទៀត បានរងរបួសធ្ងន់ និងស្រាលត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។
អ្នកបើកបររថយន្តដែលគេមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត និងអ្នកធ្វើដំណើរនៅកន្លែងកើតហេតុ ក្រោយកើតហេតុត្រូវបានគេយករថយន្ដមកសាង និង សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណតើហេតុ បញ្ចនវត្ថុតាងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកជីក្រែង រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី