ព័ត៌មានទាន់ហេតុការណ៍៖

កញ្ឆាជាង២ម៉ឺនដើមត្រូវបានបង្ក្រាបនិងដុតបំផ្លាញចោល នៅស្រុកគិរីវង់

ចែករំលែក៖

ខេត្តតាកែវ៖ កញ្ឆាប្រមាណជាង២ម៉ឺនដើម ដែលជនខិលខួចលួចដាំ ត្រូវបាន បង្រ្កាប និងដុតបំផ្លាញចោលនៅនឹងកន្លែង ដែលការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទីស្ថិតនៅចំណុចជ្រោះឃ្លៃ ដុបកំរ៉ែង ដាខ្មៅ នៅក្រោមជួរភ្នំបាយ័ងកោ និង គុហារចិន ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

នគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ការបង្រ្កាបខាងលើមានការចូលរួមពី លោក ភិន សុភក្រ្ត័ អភិបាលរងស្រុកគិរីវង់ បានដឹកនាំកម្លាំងដោយសហការជាមួយលោកវសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ គ្រឿងញៀន ខេត្តតាកែវ ។

លោកវសេនីយ៍ឯក យុគ សារ៉ាត់ អធិការស្រុកគិរីវង់បានដឹកនាំកម្លាំង ៧១នាក់ ចុះទៅបង្រ្កាប ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបំផ្លាញចោលកញ្ឆាចំនួនរួម៥៦ទីតាំង ស្មើ២១.៣៧១ដើម អណ្តូងប្រស់ទឹក ចំនួន៦៣អណ្តូង ដែលមានផ្ទៃដីសរុប ៨.០៩២ម៉ែត្រការ៉េ។

តាមសេចក្ដីរាយការណ៍ថា ការដាំកញ្ឆានេះបន្ទាប់ពីឈ្មួញវៀតណាម ឡើងមកបញ្ជាទិញ ដោយហ៊ានឲ្យតម្លៃខ្ពស់។ ដូច្នេះហើយបានជាពលរដ្ឋលួចដាំ បើទោះបីដឹងថា ខុសច្បាប់ក្ដី។

ប៉ុន្តែយ៉ាងណាក៏ដោយពុំមានអ្នកដាំកញ្ឆាណាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះទេ។ បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ភ្នំដា


ចែករំលែក៖