ភ្នំពេញ៖ ក្រុមចោរលួចឡានបាននាំគ្នារត់ប្រាស់អាយូស ខណៈម្ចាស់រថយន្តបានចតឡាននៅមុខផ្ទះក្នុងបុរីពិភពថ្មី ហើយត្រូវពួកគេលួចយកទៅដោះដូរស្លាកលេខថ្មី តែមិនដឹងថា ឡាននេះនៅជាប់ប្រព័ន្ធGPS។
ករណីនេះភ្ញាក់ផ្អើលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចចក្នុងបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តរងគ្រោះស្នើមិនបញ្ចេញឈ្មោះនិយាយថា ឡានគាត់ម៉ាក កាមរី បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-9954 ចតនៅមុខផ្ទះក្នុងបុរីពិភពថ្មី ស្រាប់តែបាត់ ហើយគាត់បានប្រាប់សន្តិសុខ និងប្ដឹងសមត្ថកិច្ច និងឆែកមើល GPS ឃើញឡានគាត់នៅម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ចូលតាមហាងម្លិះម៉ាស្សា ពេលនោះ គាត់និងក្រុមសន្តិសុខនាំគ្នាតាមមកឃើញឡាន ប៉ុន្តែក្រុមចោរបានដឹងខ្លួនមុន ក៏នាំគ្នាឡើងជិះឡានមួយគ្រឿងទៀតគេចខ្លួនបាត់អស់ ។
ប្រភពបន្តថា ឡានរបស់គាត់ត្រូវក្រុមចោរលួចដូរស្លាកលេខ បាត់ដំបង2 A6596 ទៅវិញ។ គាត់ក៏បានបើកដែលទើបរកឃើញនេះទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវជនសង្ស័យ ។ សមត្ថកិច្ចពិនិត្យឯកសារពាក់ព័ន្ធឃើញថាពិតជាត្រឹមត្រូវ ហើយប្រគល់ឡាននេះឲ្យទៅម្ចាស់ដើមវិញ៕ ភារ៉ា ដង្កោ