ប្រទេសឥណ្ឌា៖ នៅល្ងាចថ្ងៃទី ២៧ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង “វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា” ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា, សម្ព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា, សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា, និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។
នៅក្នុងវេទិកានេះ ក៏មានការចូលរួមពីមន្រ្តីសម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា, សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា, សភាពាណិជ្ជកម្មកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , និងបណ្តាក្រុមហ៊ុន និងវិនិយោគគិនឥណ្ឌាជាច្រើនរូបទៀងផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ស្ថាប័ន និងដៃគូពាណិជ្ជកម្មទាំងអស់ ដែលបានរៀបចំអោយមានវេទិកាធុរកិច្ចនេះឡើង ដើម្បីផ្តល់ឱកាសអោយពាណិជ្ចករ និងអ្នកវិនិយោគទុនឥណ្ឌាមានឱកាសបានស្វែងយល់ពីសក្តារនុពលទាំងឡាយនៅកម្ពុជា។ ពេលនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ពាណិជ្ជករ និងអ្នកវិនិយោគគិនឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជា។ កន្លងមកគឺមានគម្រោងឯកជនប្រមាណ ៥ ដែលវិនិយោគនៅកម្ពុជាលើទឹកប្រាក់ប្រមាណ ១០៥ លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ក្រុមហ៊ុនឥណ្ឌាជាច្រើនទៀតមកកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏ចង់បានអោយមានជើងហោះហើរ ត្រង់ពីឥណ្ឌាទៅកម្ពុជា ដើម្បីជួយសម្រួលអ្នកទេសចរណ៍ និងពាណិជ្ជករកាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៀតផង។
សម្តេចតេជោ បានបង្ហាញពីសក្តានុឬបលមួយចំនួនដែលអាចអោយអ្នកវិនិយោគឥណ្ឌាទៅកម្ពុជាបាន គឺដូចជាវិស័យទេសចរណ៍, ព័ត៌មានវិទ្យា IT, Computer, software, កសិកម្ម និងវិស័យផ្សេងៗទៀត។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរអំពីស្ថេរភាពនយោបាយកម្ពុជាល្អ ជាមួយកំណើនសេដ្ឋកិច្ចហ្នឹងល្អ មានការបើកចំហរអោយប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនចាំបាច់ប្តូរមកប្រាក់រៀល ពាណិជ្ជករបរទេសអាចមនសិទ្ឋិវិនិយោគ១០០% ដោយមិនចាំបាច់មានពាណិជ្ជករក្នុងស្រុកឈរភាគហ៊ុនជាមួយ ហើយច្បាប់វិនិយោគកម្ពុជាក៏បានលើកទឹកចិត្ត និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ទន្ទឹមនឹងនេះ កម្ពុជាក៏សំបូរធនធានមនុស្សដែលជាកម្លាំងពលករប្រមាណ ៧០% ដែលអាចនឹងជួយអោយកិច្ចការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យជាមិនខាន។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយអ្នកវិនិយោគគិនឥណ្ឌាអញ្ជើញទៅទស្សនាកម្ពុជា ហើយសិក្សាអំពីសក្តារនុពលទាំងឡាយ ដែលអាចធ្វើពាណិជ្ជកម្ម និងវិនិយោគបាននៅក្នុងប្រទេសកម្ពុជាស្របពេលដែលនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកំពុងពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការដែលធានាចំពោះផលប្រយោជន៌នៃការបណ្តាក់ទុនវិនិយោគដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសទាំងពីរ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ