ព័ត៌មានទាន់ហេតុការណ៍៖

ចុងភៅណាហ្គាវើលដ៍ ឈ្នះមេដាយមាស ៥ ពីការប្រកួតធ្វើម្ហូបថ្នាក់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ២៩ មករា ឆ្នាំ២០១៨នេះ ក្រុមចុងភៅជំនាញរបស់ណាហ្គាវើលដ៍ បានឈ្នះមេដាយមាសច្រើនជាងគេពីការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំ ២០១៨ ដែលរៀបចំឡើងដោយសហព័ន្ធចុងភៅកម្ពុជានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជាក្នុងពេលថ្មីៗនេះ ។ ចុងភៅណាហ្គាវើលដ៍ បានឈ្នះមេដាយច្រើនជាងគេ រួមមានមេដាយមាស ៥ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ១ ក្នុងគ្រប់វិញ្ញាសាទាំង ៩ ដែលប្រកួតជាមួយចុងភៅជំនាញមកពីទូទាំងព្រះរាជាណាចក្រកម្ពុជា ។

គណៈកម្មការដាក់ពិន្ទុ រួមមានមេចុងភៅជាតិ និងអន្តរជាតិដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងផ្តល់ពិន្ទុយ៉ាងសុក្រឹតដែលកំណត់ដោយសមាគមមេចុងភៅពិភពលោក (WACS) ដែលជាបណ្តាញសមាគមមេចុងភៅពិភពលោកមួយដ៏ធំបង្កើតឡើងក្នុងឆ្នាំ ១៩២៨ ។

ចុងភៅផ្នែកបង្អែមរបស់ណាហ្គាវើលដ៍ កញ្ញា រ៉េត នរិន្ទរស្មី បានឈ្នះមេដាយមាសដោយទទួលបានពិន្ទុខ្ពស់ពីសមាគមមេចុងភៅពិភពលោក ។ ចុងភៅអាយុ ២៦ ឆ្នាំមកពីទីក្រុងភ្នំពេញនេះ បានធ្វើឲ្យគណៈកម្មការចាប់អារម្មណ៍ទៅលើបង្អែម ៣ មុខរបស់គាត់ រួមមាន បង្អែមសូកូឡា បង្អែមភីណាកូឡាដា និងបង្អែមល្ពៅគ្រីមប៊្រូឡេកំពង់ចាម ។ កញ្ញា នរិន្ទរស្មី បានបម្រើការងារនៅណាហ្គាវើលដ៍ជាង ៣ ឆ្នាំដើម្បីចាប់យកអាជីពក្នុងក្តីស្រមៃរបស់គាត់ ។ កញ្ញាបាននិយាយថា “ខ្ញុំនឹងច្នៃបង្អែម និងនំថ្មីៗដែលពិសេស និងឆ្ងាញ់ប្លែកគេសម្រាប់អតិថិជនរបស់ណាហ្គាវើលដ៍ជាបន្តទៀត” ។

ចំណែកចុងភៅនំម្នាក់ទៀតរបស់ណាហ្គាវើលដ៍កញ្ញា សែ ថាវី ទទួលបានមេដាយមាសក្នុងវិញ្ញាសាតុបតែងនំរសជាតិដូងកំពត និងនំគ្រីមរសជាតិស្លឹកតើយ ។ គួច បញ្ញា ដែលជាចុងភៅ Senior Chef de Partie នៅភោជនីយដ្ឋានថ្មីស្រឡាង 2Pangea នៅណាហ្គាទី ២ ទទួលបានមេដាយមាសក្នុងវិញ្ញាសាអាហារសម្រន់ ។ សម្រាប់ លាវ រស្មី ដែលជាចុងភៅ Senior Chef de Partie នៅភោនីយដ្ឋានអ៊ីតាលី Bistro Romano បានឈ្នះមេដាយមាសក្នុងវិញ្ញាសាធ្វើម្ហូបបួស ។

លោក យ៉ាន់ វុទ្ធី ដែលជាចុងភៅ Senior Chef de Partie នៅណាហ្គាទី ២ ទទួលបានមេដាយមាសទី ៥ ក្នុងវិញ្ញាសាធ្វើម្ហូបសាច់ដែលគាត់បានច្នៃសាច់គោចំឡកចៀនលាយជាមួយគ្រឿងផ្សំខ្មែរ ។ មេដាយប្រាក់ ៣ បានទៅលើលោក អ៊ិន សុខហ័ន ដែលជា Chef de Partie នៅណាហ្គាទី ២ ក្នុងវិញ្ញាសាឆ្លាក់បន្លែ លោក ឌុល ស៊ីដេត ដែលជាចុងភៅ Commis I នៅភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី ២ ក្នុងវិញ្ញាសាធ្វើម្ហូបគ្រឿងសមុទ្រ ក្រុមលោក លឹម នូវ ដែលជាចុងភៅ Junior Sous Chef នៅភោជនីយដ្ឋាន Indochine និងលោក ចៅ សុវណ្ណឌី ដែលជាចុងភៅ Commis I នៅភោជនីយដ្ឋានណាហ្គារ៉ក់ក្នុងវិញ្ញាសាធ្វើម្ហូបខ្មែរ ចំណែកលោក សាន សុខឃួច ដែលជាចុងភៅនំ Commis I បានទទួលមេដាយសំរឹទ្ធក្នុងវិញ្ញាសាតាំងបង្ហាញនំប៉័ង ។

ឥឡូវនេះ អតិថិជនរបស់ណាហ្គាវើលដ៍ អាចរីករាយពិសា និងជាវនំដូងខ្ចីកំពត និងនំគ្រីមរសជាតិស្លឹកតើយនៅ Lobby Lounge ណាហ្គាវើលដ៍ និងម្ហូបរសជាតិដើមជាច្រើនមុខទៀតច្នៃដោយមេចុងភៅឈ្នះពានរង្វាន់នៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបទាំង ២៧ របស់យើង ។ សូមចូលទៅកាន់ www.nagaworld.com ដើម្បីទទួលបានព័ត៌មានចុងក្រោយអំពីកម្មវិធីប្រូម៉ូសិនម្ហូប ភេសជ្ជៈ និងការផ្តល់ជូនជាច្រើនទៀត រួមទាំងការបញ្ចុះតម្លៃក្នុងឱកាសបុណ្យចូលឆ្នាំចិនផងដែរ ៕ ស តារា


ចែករំលែក៖