ខេត្តស្វាយរៀង៖ ប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងអ្នកដើរថ្មើរជើង ហើយជ្រុលចង្កូតទៅបុកនឹងម៉ូតូមួយគ្រឿងបញ្ច្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ទល់មុខធនាគារអេស៊ីលីដាជីភូ ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់កាសែតនគរវត្តថា ម៉ូតូដែលបង្កហេតុម៉ាកហុងដាសេ១០០ ពណ៌ព្រីងទុំ គ្នានស្លាកលេខ បើកបរដោយឈ្មោះ ញឹម សាវី អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នល់ទទឺង សង្ការ់ច្រកម្ទេស ក្រុងបាវិត។
ប្រភពបន្តថា ចំពោះភាគីម៉ូតូរងគ្រោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហែម ដួង អាយុ៤៩ឆ្នាំ មុខរបរតាបែង ឃុំគោកព្រីង ស្រុកស្វាយជ្រំ និងអ្នករួមដំណើរម្នាក់មានឈ្មោះ មិន កូលីន អាយុ៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅជាមួយគ្នា។
ចំណែកអ្នកដើរថ្មើរជើង មានឈ្មោះញឺម រំដួល ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ រងរបួសស្រាល។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១០០ ពណ៌ព្រីងទុំគ្នានស្លាកលេខបើកបរ ដោយបុរសម្នាក់ក្នុងទិសដៅពីលិចមកកើតលើផ្លូវជាតិលេខ១ មិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងអ្នកដើរថ្មើរជើងរួចជ្រុលទៅបុក នឹងម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យបុរសឈ្មោះ ញឹម សាវី បោកក្បាលនឹងថ្នល់ហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង។
ជនរងរបួសត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានវាស់វែងកន្លែងកើតហេតុរួចយកវត្ថុតាងម៉ូតូពាក់ព័ន្ធយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ ៕ យឹម សុថាន