ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់មានជំងឺប្រចាំកាយម្នាក់សម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់នៅលើដើមស្វាយ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសដែលមានជំងឺប្រចាំកាយម្នាក់ត្រូវបានគេប្រទះឃើញចងក.ស្លាប់នៅលើដើមស្វាយ ជាហេតុធ្វើឲ្យមាករភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ញៀន ស្រ៊ី ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ប្រពន្ធឈ្មោះ គឹម ស អាយុ៧០ឆ្នាំ ( មានសតិមិនប្រក្រតី ) ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា សព្វថ្ងៃជនរងគ្រោះមានជំងឺប្រចាំកាយ (រោគសួត) ហើយក្រុមគ្រួសារបាននាំជនរងគ្រោះទៅ ព្យាបាលដែរ តែពុំជាសះស្បើយសោះ ។ លុះរហូតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី ជាជនរងគ្រោះបានយកម៉ូតូជិះចេញពីផ្ទះ ភ្លាមនោះកូនស្រីរបស់ជនរងគ្រោះឈ្មោះ ស្រ៊ី ស៊ីចាយ បានឃើញឪពុករបស់ខ្លួនជិះម៉ូតូចេញ ក៏សួរថា៖ ឪ ទៅណា? ភ្លាមនោះជនរងគ្រោះជាឪពុក ក៏ឆ្លើយតបវិញថា៖ ទៅដីចំការស្វាយ រួចក៏ជិះម៉ូតូចេញបាត់ទៅ ។

រហូតមកដល់ម៉ោង១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែមានពលរដ្ឋក្នុងភូមិមកប្រាប់កូនជនរងគ្រោះឈ្មោះ ស្រ៊ី ស៊ីចាយ ថា ឪពុករបស់ឯង គាត់ចងកស្លាប់នៅលើដើមស្វាយ ក្នុងដីចំការស្វាយរបស់គាត់ស្លាប់បាត់ហើយ ភ្លាមនោះក៏ផ្អើលឆោឡោបងប្អូនក្រុមគ្រួសារជនរងគ្រោះនិងអ្នកជិតខាងបាននាំគ្នាទៅមើល ក៏ឃើញជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងក.ស្លាប់នៅលើដើមស្វាយ ដោយខ្សែនីឡុងស្លាប់បាត់ទៅហើយ រួចនាំគ្នាយកសាកសពជនរងគ្រោះយកមកផ្ទះ បន្ទាប់មករាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យនិងកោសល្យវិច្ច័យ ។

ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះកំលាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការពិនិត្យសាកសព បញ្ជាក់ថាថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើង ។

បន្ទាប់ពីធ្វើការពិនិត្យនិងបញ្ជាក់រួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖