ក្រុងប៉ោយប៉ែត៖ រថយន្តកូរ៉េដឹកជ្រូកមួយគ្រឿងបុកម៉ូតូ ស្លាប់៣នាក់រងរបួសម្នាក់កាលពីវេលាម៉ោង ១២ និង ០០នាទីព្រឹក ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលភ្លើងលេខ២៤៦-២៤៧ ស្ថិតក្នុងភូមិ និមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទាំង៤នាក់ ឈ្មោះ ភួង ស្រីនឿន ភេទស្រី អាយុ31ឆ្នាំ ជាគ្រូបង្រៀន (ស្លាប់) , ឈ្មោះ ពៅ សុខពិទូ ភេទប្រុស អាយុ1ឆ្នាំ(ស្លាប់), ឈ្មោះពៅ រស្មី ភេទស្រី អាយុ៧ឆ្នាំ (របួសធ្ងន់) បីនាក់ខាងលើ ជាម្តាយកូន និងឈ្មោះ ជឿន ដារ៉ា ភេទប្រុស អាយុ៨ឆ្នាំ(ស្លាប់) ។ ជនរងគ្រោះទាំងអស់ មានទីលំនៅក្បែរកន្លែងកើតហេតុ។
សាច់ញាតិជនរងគ្រោះប្រាប់ថា ដំបូងស្ត្រីគ្រូបង្រៀន ជិះម៉ូតូម៉ាក សង់សេ ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F.1553 ចេញពីផ្ទះក្បែរកន្លែងកើតហេតុលុះដល់មុខផ្ទះជនរងគ្រោះឈ្មោះ ជឿន ដារ៉ា ក៏ឈប់ចាំសាច់ញាតិ ឈ្មោះ ប្រាក់ ហាន ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជាជីដូនរបស់ជនរងគ្រោះ ឈ្មោះ ជឿន ដារ៉ា ដែលសុំរួមដំណើរគ្រោងទៅចូលរួមប្រជុំមួយ ជាមួយថ្នាក់ដឹកនាំមកពីខេត្ត តែស្ត្រីចំណាស់៥៧ឆ្នាំខាងលើ រវល់ទៅចាក់សោផ្ទះចៅប្រុស រត់ទៅឡើងជិះម៉ូតូមុន ក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D.4797 ចង្កូតឆ្វេង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មកពីទិសខាងកើត បុកពេញទំហឹងប៉ើងប្រហែល៥០ម៉ែត្របណ្តាលឲ្យស្លាប់ និងរបួសតែម្តង។
ក្រោយកើតហេតុ អ្នកស្រុកអះអាងថា អ្នកបើកបរ និងអ្នករួមដំណើរសរុប៣នាក់ បានរត់កាត់វាលស្រែទៅទិសខាងជើងបាត់។
រថយន្តបង្កក្រោយបុកជនរងគ្រោះ ក៏រេចង្កូតកាត់ស្មៅ និងដើមឈើតូចៗចម្ងាយប្រហែល៧០ម៉ែត្រ ទើបធ្លាក់ស្រះទឹកមុខផ្ទះអ្នកស្រុក។
ក្រោយវាស់វែង សមត្ថកិច្ចបានយករថយន្តស្ទូចមកស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ដើម្បីបន្តនិតិវិធី។
សេចក្ដីរាយការណ៍ចុងក្រោយទទួលបានជនរងគ្រោះរបួសធ្ងន់ ដែលបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តសៀមរាបពេលនេះបានស្លាប់ហើយ។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះជួបគ្រួសាររងគ្រោះភ្លាមៗ ដោយនាំយកថវិកាចែកជូនគ្រួសារអ្នកគ្រូបង្រៀនទទួលបាន២០០ដុល្លារ និង៣០ម៉ឺនរៀល ឯគ្រួសារមួយទៀត ទទួលបាន២០០ដុល្លារក្នុងការចូលរួមរំលែកទុក្ខ និងមានសារុងចែកជូនពលរដ្ឋនៅទីនោះជាច្រើន ៕ វណ្ណា