ភ្នំពេញ ៖ បុរសស្ត្រី២នាក់បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ សុំជួយអន្តរាគមន៍បន្ទាប់ពីទុកម៉ូតូក្នុងបន្ទប់ជួលហើយនាំគ្នាទៅញាំបាយពេលត្រលប់ទៅវិញស្រាប់តែត្រូវចោរគាស់បន្ទាប់យកម៉ូតូទៅបាត់និងសម្ភារះមួយចំនួនទៀតបង្កកាភ្ញាក់ផ្អើលកាលពីវេលា១១និង៣០នាទីយប់ ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលត្រូវចោរគាស់បន្ទាប់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១A-៣២៥៤ ជាកម្មសិទ្ធរបស់ឈ្មោះ ឡេង ចន្ថា ហៅស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃ បឹងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ រូបនាងត្រូវបានមិត្តប្រុសម្នាក់ដែលជាមិត្តរួមការងារបានហៅនាងទៅហូបបាយឆានៅម្ដុំរង្វង់មូលចោមចៅ មុននឹងទៅនាងបានយកម៉ូតូទុកនៅក្នុងបន្ទប់ជួលរបស់នាង ហើយចាក់សោម៉ូតូ និងចាក់សោបន្ទប់ជួលរួច ហើយនាងបានជិះម៉ូតូជាមួយមិត្តប្រុស ។ លុះដល់កន្លែងលក់បាយឆា នាង និងមិត្តប្រុស បានហៅបាយឆាហូប ពេលហូបបាយឆានាងបានអង្គុយជជែកគ្នាបណ្ដើរហូបបណ្ដើរ រយៈពេលប្រមាណកន្លះម៉ោងមិត្តប្រុសនាងបានឌុបនាងទៅបន្ទប់ជួលវិញ ពេលទៅដល់ជិតមុខបន្ទប់ស្រាប់តែឃើញបន្ទប់ជួលរបស់នាងចំហទ្វារ ក៏បានចូលទៅមើលស្រាប់តែបាត់ម៉ូតូនិងរបស់របរក្នុងបន្ទប់មិនឃើញ។
ក្រោយពេលកើតជនរងគ្រោះ បាននាំគ្នាទៅប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រវជ្រាវ ៕ សុខាសែនជ័យ