ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន២១កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុក ចុះបង្រ្កាបចាប់ខ្លួននិងដកហូតថ្នាំញៀនបានចំនួន២១កញ្ចប់ ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង០៥នាទី ថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ធឿន ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកសអាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ អុល ម៉េងលាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិលេខ ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកកក្នុងប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២១កញ្ចប់ (ធំ២កញ្ចប់ , មធ្យម១កញ្ចប់ និងតូច១៨កញ្ចប់) ,ប្រាក់រៀលចំនួន៥០ម៉ឺនរៀលនិងឧបករណ៍សម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួនផងដែរ ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំក្រាំងយ៉ូវ ដែលសមត្ថកិច្ចជំនាញបានកំណត់ជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកទៅលើជនសង្ស័យបានទេ ។ លុះមកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានជំនាញបានទទួលព័ត៌មានច្បាស់ថា ជនសង្ស័យឈ្មោះ ធឿន ធី កំពុងធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមនោះសមត្ថកិច្ចជំនាញស្រុកបានសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិរដ្ឋបាលក្រាំងយ៉ូវ ដោយមានការឯកភាពពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ និងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្ដ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានចុះបង្រ្កាបចាប់ខ្លួនត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ធឿន ធី ស្ថិតក្នុងភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង រួចឆែកឆេរ បានរកឃើញថ្នាំញៀនចំនួន១៨កញ្ចប់តូច នៅខាងក្រោយផ្ទះ ដែលជនសង្ស័យឈ្មោះ ធឿន ធី បានបោះចោលបន្ទាប់ពីបានឃើញសមត្ថកិច្ចចុះទៅដល់ ឈានដល់ចាប់ខ្លួនជនសង្ស័យឈ្មោះ ធឿន ធី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។

ប្រភពដដែលបានបន្ដទៀតថា នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ធឿន ធី បានសារភាពថា គ្រឿងញៀនខាងលើនេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះ អុល ម៉េងលាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ដោយទិញមួយកញ្ចប់ធំក្នុងតម្លៃ៥៥០ដុល្លារសហរដ្ឋអាមេរិក រួចខ្លួនបានយកថ្នាំញៀនមួយកញ្ចប់ធំនោះទៅបំបែកវេចខ្ចប់ទុកលក់បន្ត ដោយក្នុង១កញ្ចប់តូច មានតម្លៃ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល ។

ក្រោយពីជសង្ស័យបានសារភាពរួច សមត្ថកិច្ចក៏បន្ដចុះបង្រ្កាបផ្ទះជនសង្ស័យឈ្មោះ អុល ម៉េងលាង បន្ដទៀតនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃខែឆ្នាំដដែល ស្ថិតក្នុងភូមិ លេខ២ ឃុំស្វាយរលំ ស្រុកស្អាង ប៉ុន្តែពុំប្រទះឃើញជនសង្ស័យឈ្មោះ អុល ម៉េងលាង នោះទេ ដោយមានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ អុល ម៉េងលាង និងមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,លោកនាយរងប៉ុស្តិ៍ ,លោកមេភូមិ បានរកឃើញថ្នាំញៀនចំនួន២កញ្ចប់បន្ថែមទៀត ក្នុងនោះ១កញ្ចប់ធំ ,១កញ្ចប់មធ្យម ,ឧបករណ៍វេចខ្ចប់មួយចំនួន និងប្រាក់រៀលចំនួន ៥០ម៉ឺនរៀលផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ដែលចាប់ខ្លួនបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងស៊ើបអង្កេតដើម្បីចាត់ការបន្ដ ៕ ស្អាងជ័យ


ចែករំលែក៖