ខេត្តមណ្ឌលគិរី៖ «មួយជីវិតរបស់ខ្ញុំឲ្យ តែធ្វើដើម្បីជាតិខ្ញុំចូលចិត្ត» ជាសម្ដីដែល តើន សុខណៃ មុនពេលស្លាប់ឧស្សាហ៍និយាយជាមួយមិត្តភក្ដិនិងក្រុមគ្រួសារ។ ជាមន្រ្តី ឧទ្យានុរក្សដែលមានឆន្ទៈ មនសិការខ្ពស់ ក្នុងការស្រឡាញ់ និងការពារព្រៃ សុខណៃ តែងតែស្លៀកពាក់ជាប់ជានិច្ចនូវឯកសណ្ឋាន ជាឧទ្យានុរក្ស។ មិត្តភក្ដិរបស់ សុខណៃ ឧស្សាហ៍និយាយចំអកនិងលេងសើចទៅកាន់គាត់ថា «ស្រលាញ់ប្រពន្ធ ឬស្រឡាញ់ ឯកសណ្ឋាន…?»។ សុខណៃ ដែលមាន ជំងឺប្រចាំកាយ(ឈាមសស៊ីឈាមក្រហម និងជំងឺក្រពះ) ហើយមានកូនស្រីតូច២ នាក់ដ៏គួរឲ្យអាណិតស្រឡាញ់តែងតែឱបនែបនិត្យជាមួយនឹងកូនៗនិងយកទូរស័ព្ទថតរូប Selfie ។
កើតក្នុងគ្រួសារមានជីវភាពលំបាក និង ជាជនជាតិដើមភាគតិចព្នង សុខណៃ បានខិតខំរៀនសូត្របញ្ចប់ថ្នាក់មធ្យមសិក្សានៅក្នុងខេត្តមណ្ឌលគិរី។ ដោយសារការ តស៊ូជម្នះការលំបាកនិងក្រេបយកចំណេះដឹងបន្ថែមសុខណៃបានបញ្ចប់ដោយជោគជ័យថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងលើជំនាញឯកទេសគ្រប់ គ្រង។
កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៨១ សុខណៃ មានបងប្អូនបង្កើតចំនួន៨នាក់ ស្រី៣នាក់និងប្រុស៥នាក់ ហើយសុខណៃ ជាកូនទី៥។ តើន ម្យើប ជាឈ្មោះរបស់ លោកឪពុកសុខណៃតែគាត់បានស្លាប់ តាំងពីសុខណៃនៅតូចមកម្លេ៉ះ។ រីឯម្ដាយ សុខណៃឈ្មោះ កៃ ព្លូស បច្ចុប្បន្នមានវ័យ ជរា និងរស់នៅជុំគ្នាជាមួយនឹងប្រពន្ធកូន របស់សុខណៃ។ សុខណៃ បានលែងលះ គ្នាជាមួយប្រពន្ធដើម និងបានបន្សល់ទុក កូនស្រីម្នាក់ឈ្មោះ តើន ណាហ្សា អាយុ៦ ឆ្នាំ បច្ចុប្បន្នកំពុងរៀនថ្នាក់ទី១នៅសាលា បឋមសិក្សាក្នុងស្រុកអូររាំង។ ក្រោយមក សុខណៃបានចាប់ចិត្តប្រតិព័ទ្ធជាមួយប្រពន្ធជាជនជាតិខ្មែរម្នាក់និងបានចំណងដៃកូនស្រីម្នាក់ឈ្មោះ តើន កា អាយុ១ឆ្នាំ២ខែ ជា កូនស្រីទី២របស់សុខណៃ ។
ក្នុងសម្លៀកបំពាក់ពណ៌សកាន់ទុក្ខលោកស្រី ទូច ណារ៉ាន់ ជាភរិយារបស់ សុខណៃ មានវ័យ៣២ឆ្នាំ និយាយទាំងរលីង រលោងទឹកភ្នែករៀបរាប់ពីដំណើរជីវិតរបស់សុខណៃ ថាគាត់ជាមនុស្សស្រឡាញ់ធនធានធម្មជាតិ និងចូលចិត្តការពារព្រៃ។ រៀប រាប់ទាំងភាពសោកស្ដាយក្នុងពិធីបុណ្យ សពលោកស្រី ទូច ណារ៉ាន់ មានស្រុក កំណើតនៅភូមិទួលរី ឃុំព្រែកពោធិ៍ ស្រុក ស្រីសន្ធរ ខេត្តកំពងចាម។ លោកស្រីបាន រម្លឹកពីអនុស្សាវរីយ៍កាល តើន សុខណៃ នៅរស់ថា ប្ដីរបស់គាត់កាលនៅរស់គឺជា មនុស្សដែលត្រូវបងប្អូនសាច់ញាតិ និងមិត្តភក្ដិស្រឡាញ់និងកោតសរសើរចំពោះទង្វើរបស់គាត់ថាជាមនុស្សស្លូតបូត ស្មោះត្រង់ និងក្លាហាន ។
សុខណៃ អតីតធ្លាប់ធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ទចល័តក្នុងខេត្តមណ្ឌលគិរី មុនពេលធ្វើជាមន្រ្តីអភិរក្សបរិស្ថាន។ ក្រោយ មកសុខណៃក៏បានវិវឌ្ឍខ្លួនតាមរយៈការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លួនចូល បម្រើការងារជាមួយអង្គការ WCS ក្នុង តួនាទីជាជំនួយការនិងជាអ្នកបកប្រែភាសា អង់គ្លេស ក្នុងក្រុមហ៊ុនអភិវឌ្ឍន៍សហគមន៍ អណ្ដូងក្រឡឹង ដែនជម្រកសត្វព្រៃសីមា នៅឆ្នាំ២០១៤។ ជាមនុស្សដែលពោរពេញ ដោយធនធានចំណេះដឹង ពិសេសសុខណៃ អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ សុខណៃត្រូវបានក្រុមល្បាត សហគមន៍អណ្ដូងក្រឡឹងនិងភ្ញៀវទេសចរដែលចូលមកកម្សាន្តស្រឡាញ់ និងចូល ចិត្តយ៉ាងខ្លាំងជាមួយនឹងប្រជាប្រិយភាព និងភាពប៉ិនប្រសប់ក្រមិចក្រមើមរបស់ សុខណៃ ។
នៅឆ្នាំ២០១៧ សុខណៃ បានប្រឡងជាប់ជាមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន។ ជា មនុស្សដែលស្រឡាញ់ការងារ និងមាន សាមគ្គីភាព សុខណៃបម្រើការងារដោយពុំខ្លាចពីការនឿយហត់ព្រោះអ្វីដែលគេធ្វើគឺ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធាន ធម្មជាតិ។ ជាជនជាតិភាគតិចព្នងសុខណៃ ស្រឡាញ់សត្វព្រៃ និងតែងតែដើរដោះ អន្ទាក់របស់ពួកព្រាន ។
មនុស្សជាច្រើនធ្លាប់ស្គាល់ សុខណៃ បានដឹងយ៉ាងច្បាស់ថា សុខណៃជាឧទ្យានុរក្សដែលគួរឲ្យគោរពនិងស្ញប់ស្ញែងពីវីរភាពរបស់សុខណៃ។ ទង្វើរបស់សុខណៃគឺមួយ ជីវិតរបស់គាត់ឲ្យតែធ្វើដើម្បីជាតិគឺគាត់ ចូលចិត្ត។ វីរភាពដែលមិនអាចកាត់ថ្លៃបាន របស់សុខណៃត្រូវជនអគតិដែលគិតពី ផលប្រយោជន៍ផ្ទាល់ខ្លួនបានផ្តាច់ជីវិតរបស់ សុខណៃ បន្សល់ទុកភាពសោកស្ដាយ និងក្ដីសោកសង្វេគបំផុតចំពោះការបាត់បង់ ឧទ្យានុរក្ស តើន សុខណៃ ក្នុងបុព្វហេតុ ការពារនិងអភិរក្សធនធានធម្មជាតិ និង ជីវចម្រុះ ។
សុខណៃបានប្តេជ្ញាតស៊ូ លះបង់មិនថា យប់ មិនថាថ្ងៃ មិនថាភ្លៀងក្តៅរងាធ្វើយ៉ាងណាឱ្យតែសម្បត្តិធនធានធម្មជាតិនៅគង់វង្ស និងចុះបំពេញការងារយ៉ាងស្វិតស្វាញបំផុតជាមួយមន្ត្រីឧទ្យានុរក្សដទៃទៀតក្នុងដែនជម្រកសត្វព្រៃសីមាដោយដើរកាត់វាល កាត់ព្រៃព្រឹក្សាជ្រលងដងអូរដើម្បីល្បាត ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។
តើន សុខណៃ មន្រ្តីឧទ្យានុរក្សដែន ជម្រកសត្វព្រៃសីមា និងមន្រ្តីកងរាជអាវុធ ហត្ថរួមទាំងមន្រ្តីអង្គការ WCS ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នៅក្បែរព្រំដែន ហើយវីរភាព របស់សុខណៃនឹងស្ថិតក្នុងចិត្តរបស់យើងគ្រប់គ្នាមិនអាចបំភ្លេចបាន ៕ ហេង សូរិយា