ភ្នំពេញ៖ បុរស២នាក់ជាបុគ្គលិកបំរើការងារនៅក្រុមហ៊ុនថ្នាំលាបCam Paintបានរងរបួសធ្ងន់ស្រាលដោយសារជិះម៉ូតូលឿន ហើយមកដល់ចំណុចផ្លូវឆ្លងមិនបង្អង់ល្បឿន ក៏បានវាក់នឹងរថយន្ត១គ្រឿង បត់ឆ្លងផ្លូវក៏បណ្តាលឲ្យដួលច្រងាប់ច្រងិលរងរបួសធ្ងន់ម្នាក់ជាអ្នកឌុប និងម្នាក់ទៀតរងរបួសស្រាល។ ចំណែករថយន្តមិននៅកន្លែងកើតហេតុនោះទេ ក៏បន្តធ្វើដំណើរបត់ឆ្លងផ្លូវចូលក្រុមហ៊ុនបាត់ទៅ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះ២នាក់នោះ បានជិះម៉ូតួពីត្បូងមកយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុក៏វាក់នឹងរថយន្ត ដែលគេបត់ឆ្លងផ្លូវបណ្តាលឲ្យដួលតែម្តង។
សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុហើយបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នាក់ការប៉ុសិ៍្តរដ្ឋបាលរបស់ខ្លួន ខណៈដែលជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យឯកជនសួគ៌ា។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ជនរងគ្រោះធ្វើដំណើរពីត្បូងមកទំនងជាលឿនពេក ក៏វាក់នឹងរថយន្តបត់ឆ្លងផ្លូវក៏បណ្តាលឲ្យដួលតែឯងរងរបួសធ្ងន់។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនសួគ៌ា។ ជនរងគ្រោះមានទីលំនៅម្តុំស្ពានព្រែកជ្រៃ៕ តាឡឹម