ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដជនជាតិចិននិងរថយន្ដជនជាតិកូរ៉េបើកបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ នារីជាជនជាតិចិន និងបុរសជនជាតិកូរ៉េម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកជាបួនរវាងរថយន្ដម៉ាក LANROVER និងរថយន្ដម៉ាកLEXUS កាលពីវេលាម៉ោង២៣និង៥៥នាទី ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ៣៣៤ កែងនឹងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកLEXUS ពណ៌ស ពាក់ស្លាកលខ ភ្នំពេញ2AD-9916 ជិះដោយបុរសនារីបួននាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៣៤ទិសដៅពីកើតទៅលិចឆ្លងផ្លូវ៦៣ ក៏ត្រូវរថយន្ដម៉ាកLANROVER ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2X-9807 ជិះដោយបុរសជនជាតិកូរ៉េពីរនាក់បើកក្នុងល្បឿនលឿនបុកពេញទំហឹងបណ្ដាលឲ្យរថយន្ដម៉ាក LEXUSជ្រុលចង្កូតទៅបុករបងការិយាល័យលក់ខុនដូរខូចខាតបង្គោលស្លាកប៉ាណូមួយដើម និងបណ្ដាលឲ្យនារីជនជាតិដែលជិះក្នុងរថយន្ដរងរបួសធ្ងន់។ ចំណែករថយន្ដម៉ាកLANROVER រងកាខូចខាតផ្នែកខាងមុខ និងបណ្ដាលឲ្យបុរសជនជាតិកូរ៉េម្នាក់រងរបួសបែកក្បាល។

ប្រភពបានបន្តថា ក្រោយពីកើតហេតុរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនបានទៅដឹកជនរងគ្រោះទាំងពីរនាក់ទៅសង្គ្រោះភ្លាមៗ។ រីឯរថយន្ដទាំងពីរគ្រឿងដោយភាគីទាំងសងខាងនិយាយមិនត្រូវគ្នាទើបកម្លាំងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖