ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសសង្ស័យពាក់ព័ន្ធប្រើហិង្សាដាក់សមត្ថកិច្ចមួយដៃជាំភ្នែកម្ខាង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទំបន់ទឹកមួយរូប បានរងរបួសជាំភ្នែកម្ខាង ដោយបុរសក្រុមក្មេងស្ទាវមួយក្រុមវាយប្រហារ ហើយព្យាយាមជិះម៉ូតូរត់ តែត្រូវបានឃាត់ខ្លួនបានម្នាក់មកវិញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាប្រាំ ស្ថិតក្នុងសង្កាត់ទំបន់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បុរសជាជនដៃដល់ឈ្មោះរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងស្រឡាង ខណ្ឌទួលគោក។

តាមសម្តីសមត្ថកិច្ចជាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងជិះម៉ូតូតែម្នាក់ឯងល្បាតក្នុងភូមិសាស្ត្រ ការពារបទល្មើសផ្សេងៗ បន្ទាប់មកក៏មានពូម៉ូតូឌុបម្នាក់ជិះម៉ូតូមកប្រាប់ថា មានក្មេងស្ទាវកំពុងដេញវៃគ្នា នៅមុខផ្សារសុវណ្ណា ផ្លូវលេខ២៧១ ភ្លាមនោះ រូបគាត់ក៏ចាំមើលក្រែងពួកគេជិះមកកាត់មុខ ។

សមត្ថកិច្ចបានបន្តថា ក្រោយមកស្រាប់តែមានឃើញមានម៉ូតូចំនួន៣គ្រឿងមានគ្នា៦នាក់ក្នុងនោះមាននារីម្នាក់ ហើយរូបគាត់ក៏ចាំមើលស្រាប់តែបុរសម្នាក់ជិះម៉ូតូមកបុកម៉ូតូគាត់បណ្តាលឲ្យដួលថែមទាំងចុះមកវាយគាត់មួយដៃជាំភ្នែកខាងស្តាំ ហើយបម្រុងលើកម៉ូតូគាត់ជិះគេចខ្លួន តែគាត់ដណ្តើមមកវិញ ភ្លាមនោះ ពួកគេក៏ជិះម៉ូតូព្យាយាមគេចខ្លួនហើយរូបគាត់ក៏ជិះម៉ូតូដេញចាប់រហូតផ្លូវបេតុងខាងក្រោយ និង ANZ Royal ស្ថិតក្នុងសង្កាត់បឹងទំពុនទើបឃាត់បានម្នាក់តែម្តង។

ក្រោយពីឃាត់ខ្លួនបុរសដែលជនដៃដល់ត្រូវបានសមត្ថកិច្ចនាំមកសួរនាំនៅប៉ុស្តិ៍នគរបាលទំបន់ទឹក តែបុរសខាងលើមិនព្រមទទួលកំហុសនោះទេ។ មួយសន្ទុះក្រោយមកបក្ខពួកបុរសខាងលើក៏បានមកហើយបានស្រែកឡូឡាពេញប៉ុស្តិ៍នគរបាល ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តអំពើបែបនេះទេ។

ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងច្បាស់ទាក់ទងនឹងករណីខាងលើនេះឲ្យពិតប្រាកដយ៉ាងណានោះទេ ដោយសមត្ថកិច្ចបានសាកសួបន្ត ៕ សុខាសែនជ័យ

 


ចែករំលែក៖