ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តម៉ាកហុីយ៉ាន់ដាយបើកលឿន ទាំងបញ្ច្រាសផ្លូវជ្រុលបុកចំពីមុខពេញទំហឹង ចំណែកម៉ូតូដាច់កង់មុខចេញជា២កំណាត់តែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខទូតជប៉ុន តាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះរងឈ្មោះ ងិន ភារៈ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាចុងភៅ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ភូហ្សា ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ 5224 ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A5000 ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ ហើយបានបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូដាច់កង់មុខចេញជីពីរកំណាត់ចំណែកអ្នកបើកបរបាក់ជើងជាច្រើនកំណាត់ស្លាប់យ៉ាងអាណោចអាធ័ម ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កហេតុរួចរថយន្តបង្កបានបើករត់បានចំងាយប្រហែល១០០ម៉ែត្រ ទើបឈប់រថយន្តហើយតៃកុងរត់គេចខ្លួនបាត់ ដោយឡែកព្រូរថយន្តត្រូវបានប្រជាពលរដ្ឋចាប់បាន និងប្រគល់ទៅសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីមកវាសវែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ