ព័ត៌មានទាន់ហេតុការណ៍៖

ល្បីថាឈ្មួញកំពុងឃុបឃិតជាមួយអាជ្ញាធរនិងជំនាញលេងល្បិចដើម្បីយកដីតំបន់ការពាររបស់រដ្ឋលក់ទៀតហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ទីរបរិស្ថានកោះហៅ អធិការរង២រូបនិងមេឃុំ១រូបឲ្យចូលបំភ្លឺ ករណីកៀរគរប្រជាពលរដ្ឋរុករានកាន់កាប់ដីព្រៃរបស់រដ្ឋដើម្បីក្លែងលិខិតលក់ទៅឲ្យឈ្មួញ។ ការកោះហៅនេះចុះហត្ថលេខាដោយប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោក ឈឺន សុធន កោះហៅលោក ម៉ម អាន អធិការរងទទួលបន្ទុកចរាចរណ៍ និង លោក ប្រាក់ មូល អធិការរងទទួលបន្ទុក សន្តិសុខ ព្រមទាំងលោក ឌុល សុខុម មេ ឃុំតាសាលផងដែរ ។

មន្ត្រីទាំង៣នាក់ត្រូវបានកោះហៅឲ្យ ចូលបំភ្លឺលើករណីកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ ស្ថិតក្នុងភូមិដូង ឃុំតាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

មន្ត្រីទាំង៣រូបបានទទួលលិខិត និងបាន ចូលរួមបំភ្លឺនៅព្រឹកថ្ងៃព្រស្បតិ៍ ១រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមន្ទីរ បរិស្ថានខេត្តកំពង់ស្ពឺរួចហើយ។ រហូតមក ដល់ពេលនេះនៅមិនទាន់មានការអះអាង ណាមួយដែលបញ្ជាក់ថា តើខាងមន្ទីរ បរិស្ថាននឹងចាត់វិធានការឬរៀបចំរបាយការណ៍ជូនលោករដ្ឋមន្ត្រីន? ខណៈដែល សំណុំរឿងដ៏រសើបមួយនេះ អាចមានជាប់ ពាក់ព័ន្ធជាមួយលោក នៅ វណ្ណៈ អនុប្រធាន មន្ទីរបរិស្ថានខេត្តផងដែរ។ បើសិនជារឿង នេះពាក់ព័ន្ធនឹងលោក នៅ វណ្ណៈ គួរណាស់ តែលោករដ្ឋមន្ត្រីពិនិត្យពិចារណាតាម វិន័យរដ្ឋបាលចៀសវាងកុំឲ្យអ្នកក្រោយ យកគំរូតាម ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋជាង៨០០គ្រួសារត្រូវបានក្រុមឈ្មួញរកសុីដីដែលមានទំាងថ្នាក់ក្រោម និងថ្នាក់លើបានកៀរគរឲ្យទៅឈរឈ្មោះជាម្ចាស់ដីជាថ្នូរនឹងប្រាក់ កម្រៃបន្តិចបន្តួចដើម្បីក្លែងឯកសារបន្លំភ្នែកថ្នាក់ដឹកនាំថា ជាដីប្រជាពលរដ្ឋ។ សកម្មភាពនេះកើតមានជាង១ឆ្នាំមកហើយទើបនឹងលេចរូបរាងនៅពេលនេះដែលក្រុមការងារថ្នាក់ក្រោមមានតាំងពីភូមិ ឃុំ ស្រុក រីឯថ្នាក់លើមានអនុប្រធានមន្ទីរបរិស្ថានម្នាក់ជាអ្នកចាត់ចែង។ នេះបើតាមការបញ្ជាក់ របស់លោកមេឃុំតាសាល ។

យោងតាមសេចក្តីរាយការណ៍ពីមន្ត្រី អង្គការមួយប្រចាំខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រុមឈ្មួញបានរៀបចំប្រជាពលរដ្ឋជាប្រព័ន្ធដោយឲ្យមួយគ្រួសារឈរឈ្មោះកាន់ ដីខ្លះទំហំ២ហិកតា ខ្លះ៥ហិកតាគ្រប់ៗគ្នា។ រីឯប្រាក់កម្រៃវិញបានទៅតាមការកាន់កាប់តិច ឬច្រើនចំពោះគ្រួសារណាកាន់កាប់ដីធំបានលុយចាប់ពី១លានទៅ២លាន រៀល។ ចំណែកអ្នកកាន់ដីតិចបាន៤០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ។

គ្រួសារមួយក្នុងចំណោមគ្រួសារទាំង ៨០០រស់នៅភូមិធ្មៀ ឃុំតាសាល ស្រុក ឱរ៉ាល់បានខ្សឹបប្រាប់ថា ពួកគាត់ត្រូវបានក្រុមការងាររៀបចំដីហៅឲ្យទៅឈរឈ្មោះដើម្បីរៀបចំឯកសារថា ជាម្ចាស់ដីហើយធ្វើលិខិតលក់ទៅឲ្យក្រុមអ្នករៀបចំដីវិញ ងាយស្រួលកុហកថ្នាក់ដឹកនាំខេត្តថា ជាដី របស់ប្រជាពលរដ្ឋ ។

ក្រុមអ្នករៀបចំដីទាំងនោះមានចាប់តាំងពីភូមិ ឃុំ និងស្រុកក្នុងនោះមនុស្ស៣នាក់ត្រូវបានស្គាល់ច្បាស់ជាងគេគឺលោកមេឃុំ ព្រមទាំងឈ្មោះអាង និងឈ្មោះមូលជា អធិការរងនគរបាលស្រុកឱរ៉ាល់។ ក្រៅពីនោះមានមនុស្សជាច្រើនទៀតដែលពួក គាត់មិនបានស្គាល់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក ឌុល សុខុម មេឃុំតាសាលបានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា រឿងនេះលោក បានដឹងខ្លះដែរគឺដូចសេចក្តីរាយការណ៍ មែន ហើយអ្នកចុះហត្ថលេខាលើប្លង់ដីគឺ អតីតមេឃុំចាស់លោក សន សៀង។ ដីនេះ គេរៀបចំយកទៅលក់ឲ្យតារាភាពយន្ត ម្នាក់ឈ្មោះ ឆានី ព្រោះលោក ឆានី ជាអ្នកទម្លាក់លុយមកឲ្យធ្វើរឿងនេះលោកធ្លាប់បានឃើញមានប្លង់បង្ហាញទីតាំងដីដែលចុះហត្ថលេខាដោយអតីតមេឃុំចាស់មាន ទំហំជាង១.៦០០ហិកតា ។

លោកមេឃុំបានឲ្យដឹងទៀតថា ដីទាំងនេះជាដីស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងត្រូវបានព្រះ មហាក្សត្រចេញព្រះរាជក្រឹត្យដាក់ជាដីព្រៃរបស់រដ្ឋសម្រាប់ជម្រកសត្វព្រៃទៀតផង។ ពេលនេះលោកកំពុងតែតាមដានសកម្ម ភាពរបស់ក្រុមអ្នករៀបចំដីទាំងនេះដើម្បី រាយការណ៍ទៅថ្នាក់លើ ។

បើទោះជាមានការលើកឡើងពីលោកមេឃុំបែបនេះក្តី បើតាមមន្ត្រីនគរបាលមួយ រូបដែលឃ្លាំមើលសកម្មភាពនេះបានលើកឡើងថា តាមពិតលោកមេឃុំនិយាយដោះសាតែប៉ុណ្ណោះនៅពេលដឹងថា រឿងនេះ បែកធ្លាយដល់អ្នកកាសែត។ ដោយចង់ដឹងច្បាស់អ្នកយកព័ត៌មាននគរវត្តបានទាក់ ទងជាមួយលោកមេឃុំម្តងទៀត។ ពេល នោះលោកមេឃុំបានប្រាប់ថា រឿងនេះបើចង់ដឹងច្បាស់ទាល់តែសួរទៅលោកប្រាក់ មូល អធិការរងនគរបាលស្រុកឱរ៉ាល់ ព្រោះលោក ប្រាក់ មូល មានសម្ពន្ធភាពជា មួយអ្នកចាំទិញ និងអ្នកនៅខេត្ត ។

ចំណែកលោក សន សៀង ជំទប់ទី១ ឃុំតាសាល និងជាអតីតមេឃុំបានឲ្យដឹងតាមទូរស័ព្ទថា លោកពិតជាបានចុះហត្ថលេខាលើប្លង់បង្ហាញទីតាំងដីរបស់ឈ្មោះ យុត្ថារា៉ ឆានី ប្រាកដមែន។ ប្លង់ដីនេះបើ តាមលោកដឹងលោកណាក់ជាអ្នករៀបចំធ្វើជាមួយស្រុកដោយទទួលលុយពីលោក យុត្ថារា៉ ឆានី យកមកប្រើប្រាស់។ និយាយ រួមកិច្ចការខាងលើលោក ណាក់ ជាអ្នករៀប ចំខាងក្រោមមានក្រុមការងារឃុំជាអ្នក ប្រតិបត្តិតែរឿងបានសម្រេចឬមិនសម្រេចទាល់តែរត់ការដល់ថ្នាក់លើសិនទើបដឹង ច្បាស់ ។

ពាក់ព័ន្ធនឹងការលើកឡើងនេះអ្នកយកព័ត៌មានកាសែតនគរវត្តបានទូរស័ព្ទទៅលោក ប្រាក់ មូល ដើម្បីសុំការបកស្រាយលម្អិតដោយលោកប្រាប់ថា រឿងនេះក្រុម ការងារមានច្រើន ខាងលោកថ្នាក់ក្រោមគ្រាន់តែជាអ្នករៀបចំខាងក្រោម។ ចំណែក ថ្នាក់ខេត្តមានលោក ណាក់ អនុប្រធានមន្ទីរ បរិស្ថានជាអ្នករៀបចំ។ ពេលនេះក្រុមរបស់ លោកបានផ្អាកសកម្មភាពមួយរយៈកំពុង រង់ចាំចម្លើយពីលោក ណាក់ ដើម្បីបន្តការងារព្រោះលោកណាក់ជាអ្នកអះអាងថារត់ការជាមួយមន្ទីរពាក់់ព័ន្ធព្រមទាំងថ្នាក់ខេត្តដើម្បីដាក់ទៅថ្នាក់លើបន្តសុំកាត់ចេញពីព្រះរាជក្រឹត្យ និងដីដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ ។

លោក ប្រាក់ មូល បានបន្តថា បញ្ហានេះបើអ្នកកាសែតចង់ដឹងរឿងច្បាស់ទាល់តែសួរលោកណាក់ដែលជាអ្នករៀបចំ និងរត់ការរឿងនេះ។ លោកថែមទាំងបានប្រាប់លេខទូរស័ព្ទមកអ្នកយកព័ត៌មាននគរ វត្តទៀតផង ។

ជួបជាមួយអ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទលោក ណាក់ បានបដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការរៀបចំដីរបស់រដ្ឋលក់ដូចការលើកឡើងរបស់លោកប្រាក់ មូល នោះទេ។ រឿងនេះលោកសូម បដិសេធថា លោកមិនជាប់ពាក់ព័ន្ធឡើយ។ លោកបានបញ្ជាក់ថា រវាងលោកនឹងលោក យុត្ថារា៉ ឆានី ជាមិត្តភក្តិនឹងគ្នាមែនតែលោកមិនដឹងរឿងថា ឆានីមកទិញដីដែលជាប់ដោយព្រះរាជក្រឹត្យនេះទេ។ អ្នកយកព័ត៌មាននគរវត្តមិនទាន់សួរផងស្រាប់តែលោកណាក់ និយាយដោះសាថា លោកមិនមាន លេខទូរស័ព្ទរបស់លោកយុត្ថារា៉ ឆានី ឡើយ ថ្វីដ្បិតតែជាមិត្តភក្តិនឹងគ្នាក៏ដោយ ។

ព័ន្ធនឹងករណីរៀបប្រជាពលរដ្ឋខ្យល់ទៅឈរឈ្មោះលើដីរដ្ឋនេះដែរលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា រឿងលោក ប្រាក់ មូល នេះលោកបានទទួលសេចក្តីរាយការណ៍រួចហើយ។ ករណីនេះលោកគិតថា ទុកឲ្យច្បាប់ជាអ្នក អនុវត្តចុះ ព្រោះរឿងចាប់ដីធ្លីហ្នឹងមិនមែនជាជំនាញនគរបាលជាអ្នកធ្វើនោះទេ និយាយទៅរឿងដីធ្លីនេះទាល់តែជំនាញ ភូមិបាល ឬរដ្ឋអំណាចមូលដ្ឋាន ។

លោកស្នងការបានបន្តថា ករណីលោក ប្រាក់ មូល នេះបើរដ្ឋអំណាចពិនិត្យឃើញ ថា ឈ្មោះ ប្រាក់ មូល មានទង្វើខុសច្បាប់មែនសូមចាត់ការតាមហ្នឹងចុះ ហើយបើមាន បណ្តឹងពីប្រជាពលរដ្ឋប្តឹងពីសកម្មភាពលោក ប្រាក់ មូល មកខាងលោកលោកនឹង ចាត់ការភ្លាមតែម្តង ។

លោកស្នងការបានបញ្ជាក់ថា តាមព័ត៌មានដែលលោកធ្លាប់ទទួលបាននាពេល កន្លងទៅលោក ប្រាក់ មូល ច្រើនតែធ្វើ សកម្មភាពបែបនេះ។ ពាក់ព័ន្ធករណីនេះ លោកស្នងការក៏បានអះអាងថា បើមានជនណាមួយយកឈ្មោះរបស់លោកទៅប្រើប្រាស់ក្នុងករណីខាងលើសូមរាយការណ៍មកលោកផង ហើយលោកនឹងចុះទៅចាប់ជននោះដោយផ្ទាល់ដៃតែម្តង។ ចុងក្រោយលោកស្នងការនិយាយបែបកំប្លែងថា លោកធ្លាប់ក្រហើយដូច្នេះលោកអាចបន្តជាមួយភាពក្រតទៅទៀតបាន ។

មន្រ្តីមន្ទីរបរិស្ថានមួយរូបបានបង្ហើបប្រាប់ដែរថា សព្វថ្ងៃនេះមានជនខិលខូចមួយ ក្រុមកំពុងឃោសនាលក់ដីដែលមានព្រះ រាជក្រឹត្យដូចករណីនេះដែរ។ បើមានប្រជាពលរដ្ឋណាចង់ទិញដីធ្វើចម្ការ ឬលក់បន្ត សូមមេត្តាប្រុងប្រយ័ត្នផងកុំឲ្យចាញ់បោកជនខិលខូចនាំឲ្យខាតបង់ទ្រព្យសម្បត្តិ ហើយមានរឿងជាប់ខ្លួនទៀត ។

រឿងរ៉ាវរៀបប្រជាពលរដ្ឋខ្យល់ដើម្បី បន្លំភ្នែកថ្នាក់ដឹកនាំនេះដែរគួរណាស់មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញចាត់វិធានការចុះស្រាវជ្រាវ ហើយបើបណ្តែតបណ្តោយតទៅទៀតដីព្រៃរបស់រដ្ឋដែលបច្ចុប្បន្ននៅសល់នៅចំណុចខាងលើច្បាស់ជារលាយហិនហោចជាក់ជាមិនខាន ហើយសត្វព្រៃក៏គ្មានជម្រកស្នាក់នៅដើម្បីបន្តពូជទៀតដែរ ។

បើតាមមន្ត្រីសុរិយោដីមួយរូបបានបង្ហើបឲ្យដឹងថា ស្ទីលបែបនេះគេធ្វើតាមគ្នា ព្រោះ កន្លងទៅនៅភូមិឱរ៉ាល៣ (ឱរ៉ាល់ចាស់) ឃុំត្រពាំងជោរដែលជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃដូចគ្នានេះដែរប្រពន្ធលោកអភិបាល រងស្រុកឱរ៉ាល់មួយរូបធ្វើបានសម្រេច។ ពេលនេះឯកសារដល់ក្រសួងបរិស្ថាន និងទីស្តីការគណៈរដ្ឋមន្ត្រីរួចរាល់អស់ហើយ។ ដីទាំងនោះមានំហំជាង១.០០០ហិកតាគេលក់បានលុយរាប់សិបលានដុល្លារយក មកចែកគ្នាធ្វើមានធ្វើបានអស់ហើយ ។

ទាក់ទិននឹងការកោះហៅមន្ត្រីនគរ បាលដែលមានឋានៈជាអធិការរង និងមេឃុំឲ្យចូលបំភ្លឺករណីកាប់គាស់ រុករានដី ជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះដែរលោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា បើសិនជារក ឃើញថា មន្ត្រីនគរបាលទាំង២រូបមាន ជាប់ពាក់ព័ន្ធករណីខាងលើនេះមែនសូម អនុវត្តវិធានការតាមច្បាប់ចុះ ។

សូមរំលឹកថា ដីព្រៃជាច្រើនពាន់ហិកតានៅភូមិឱរ៉ាល់ចាស់ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺក៏ធ្លាប់ត្រូវបាន ក្រុមឈ្មួញមួយក្រុមធ្វើសកម្មភាពដូចគ្នានេះដែរដែលកាលនោះសកម្មភាពកាប់គាស់ រុករានដីព្រៃរបស់រដ្ឋនេះបានសម្រេចរហូតដល់កសាងឯកសារ និងលិខិតកាន់កាប់ នានាតាំងពីថ្នាក់ក្រោមរហូតដល់លើ ហើយពេលនេះទៀតសោតកំពុងស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រីទៀតផងដែលដីទាំងនេះក៏ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដូចគ្នា។

មានការលើកឡើងថា ទំនងជាមន្ត្រីទាំង៣រូបខាងលើយកគំរូតាមក្រុមឈ្មួញដែលធ្វើសកម្មភាពលើកមុនហើយទើបកេណ្ឌ គ្នីគ្នាធ្វើដូចគេដែរតែរឿងនេះត្រូវបានបែក ធ្លាយក្រោយពីក្រុមរៀបដីបែកបាក់សាមគ្គីគ្នា ព្រោះតែរឿងផលប្រយោជន៍ (ចែក លុយមិនស្មើ) ។

ទាក់ទិននឹងការរៀបចំដីដែនជម្រក សត្វព្រៃលក់បានសម្រេចលើកមុនមិនដឹងថា តើលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មានការពាក់ព័ន្ធដែរ ឬ យ៉ាងណាទើបបានជាដំណើរការដោយ រលូនរហូតដល់ឯកសារធ្លាក់ដល់ទីស្តីការគណៈរដ្ឋមន្ត្រីបែបនេះ? ៕ សេនាស័ក្តិ


ចែករំលែក៖