ខេត្តសៀមរាប៖ កម្មករសំណង់ម្នាក់ត្រូវជនមិនស្គាល់មុខ មួយក្រុម ប្រមាណជាង១០នាក់ ជិះម៉ូតូ ៥គ្រឿង ដោយមានកាន់ដាវ ដំបង ឈើ កាប់មកលើជនរងគ្រោះយ៉ាងសាហាវ បណ្តាលឲ្យរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូមកពីផឹកស៊ី ត្រឡប់ទៅផ្ទះវិញ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយស្តាតចាស់ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍មកពីកន្លែងកើតហេតុ ទើបកម្លាំងជំនាញបានចុះសហការជាមួយកម្លាំងមូលដ្ឋាន រួចហៅរថយន្ត សង្គ្រោះ ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្តបង្អែកខេត្តសៀមរាប ភ្លាមៗផងដែរ ជនរងគ្រោះ ឈ្មោះ វ៉ន សុខល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានរបួសត្រង់ កំភួនដៃឆ្វេងមួយដាវរយះប្រវែង១០សង្ទីម៉ែត្រ ត្រង់ពោះផ្នែកខាងឆ្វេងមួយដាវរយះប្រវែង៥សង្ទីម៉ែត្រ ត្រង់ក្រោមក្បាលជង្គង់មួយដាវរយះប្រវែង៥សង្ទីម៉ែត្រ និងខ្នងដៃខាងឆ្វេងរយះប្រវែង៥សង្ទីម៉ែត្រ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ខ្លួនគេក៏មិនដឹងពីមូលហេតុបណ្តាលឲ្យក្រុមស្ទាវវាយនេះផងទេ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ស្វែងរកមុខសញ្ញា ចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី