ខេត្តកំពង់ស្ពឺ៖ គោយន្តដឹកឈើដុលធំៗជាច្រើន គ្រឿងត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាប និងឃាត់បានជាច្រើនគ្រឿង បន្ទាប់ពីគោយន្តទាំងនេះ ដឹកឈើដុលចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកបន្តទៅលក់ឲ្យឈ្មួញកណ្តាលម្នាក់នៅស្រុកថ្ពង។
ក្រោយឃាត់បាន សមត្ថកិច្ចដកហូតឈើហើយបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយប្រគល់គោយន្តឲ្យយកទៅប្រកបការងារស្រែចំការ និងកសិកម្មវិញ។
បើតាមប្រភពពីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិចខេត្តបានប្រាប់នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ថា” ការឃាត់ក្រុមអ្នកដឹកឈើនេះ ធ្វើឡើងកាលពីថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុខអធិការដ្ឋាននគរបាលស្រុកតែម្តង។
ប្រភពដដែលបន្តថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង ដឹកនាំដោយវរសេនីយិ៍ទោ ពីង ពៅ នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកុច្ចខេត្ត។
ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់គោយន្តដឹកដុលចំនួន៦ គ្រឿង ស្មើនឹងឈើ៥៧ដុលដែល ម្ចាស់មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ភី សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ។
២. ឈ្មោះ ខា យក្ស ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ។
៣. ឈ្មោះ នូវ ម៉េង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ដោយគោយន្តទាំងបីខាងលើ បានដឹកឈើចេញពីព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ តាមច្រកអូរត្រាវ ចេញតាមផ្លូវក្រុមហ៑ុនអេចអិលអេចឆ្ពោះមកស្ពានដែកបន្តៅផ្ទះរៀងៗខ្លួន ។
ចំណែកទី ៤. ឈ្មោះ ផាត ភ័ស ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ។
៥. ឈ្មោះ ផាត់ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ។
៦. ឈ្មោះ ឃិន វី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ដោយគោយន្តទាំងបីខាងលើនេះដែរបានដឹកចេញ ពីភ្នំឱរ៉ាល់ តាមច្រកភូមិស្រែកិន ល្ងឹមហើយ ចេញមកស្ពានដែក ។ គោយន្តទាំងអស់ដឹកឈើដុលប្រភេទឈើចាប់ឆាយ (ឈើទាល, ពពេល, ផ្ចឹក, គគីរ, ខ្វាវ) សរុបឈើចំនួន៥៧ដុល ។
នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ដែរ ក្រោយបំពេញបែបបទ និងកិច្ចសន្យាហើយសមត្ថកិចហចបានប្រគល់គោយន្តឲ្យទៅម្ចាស់វិញរៀងៗខ្លួន ដោយដកហូតឈើប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើរក្សាទុកជាសម្បត្តិរដ្ឋ។
ប្រភពបានបញ្ជាក់ថា ការអនុគ្រោះនេះ ធ្វើឡើងបន្ទាប់ពីលោកអភិបាលស្រុកថ្ពង បានស្នើសុំទៅថ្នាក់ដឹកនាំខេត្តដើម្បីសុំការអនុគ្រោះប្រគល់គោយន្តទៅឲ្យម្ចាស់យកទៅប្រើប្រាស់វិញ។
ក្រុមម្ចាស់គោយន្តក្រោយទទួលបានការអនុគ្រោះពីសំណាក់ថ្នាក់ដឹកនាំខេត្តរួចមក ក៏បាននាំគ្នាថ្លែងអំណរគុណដល់លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានផ្តល់ក្តីអនុគ្រោះដល់ពួកគាត់ជាពលរដ្ឋក្រីក្រ និងល្ងិតល្ងង់។ ជាងនេះទៅទៀតពួកគាត់សន្យាថា ឈប់ចូលព្រៃទៅកាប់ឈើខុសច្បាប់ទៀតហើយ ជាងនេះទៅទៀតពួកគាត់សន្យាថា មិនចាញ់បោកការឃោសនារបស់ក្រុមជនអគតិឬលបំផុសប្រជាពលរដ្ឋទៀតហើយ។
បើតាមម្ចាស់គោយន្តមួយរូបក្នុងចំណោមច្រើនរូបខាងលើរៀបរាប់ថា ពួកគាត់ចូលទៅកាប់ឈើនៅភ្នំឱរ៉ាល់ ដោយចំណាយពេលកន្លះខែហើយការចូលទៅកាប់នេះទៀតសោតពួកគាត់ត្រូវបង់លុយទៅឲ្យមន្ត្រីបរិស្ថាន និងមន្ត្រីយោធាព្រមទាំងអ្នកកាសែត និងទូរទស្សន៍មួយចំនួនទៀតដែលប្រចាំការតាមគោលដៅនីមួយៗចំនួន៥០មុឺនរៀលទើបអាចធ្វើសកម្មកាប់ឈើភាពបាន។
ពួកគាត់មិនបានបញ្ជាក់ឈ្មោះមន្ត្រីទាំងនោះទេ គ្រាន់តែដឹងថា ជាមន្ត្រីបរិស្ថានដែលប្រចាំការនៅអូរត្រាវ និងក្រុមហ៊ុនអេចអិលអេចស្រែកិន និងល្ងឹម គ្រប់ស្នាក់ការទាំងអស់។
ពាក់ព័ន្ឋនឹងការលើកឡើងរបស់ក្រុមអ្នកដឹកឈើថា បានបង់លុយឲ្យមន្ត្រីបរិស្ថានដែលប្រចាំការនៅតាមស្នាក់ការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើភ្នាក់ងារមិនអាចសុំការពន្យល់បកស្រាយពីលោកខនសុខុននាយកដែនជម្រកត្វព្រៃភ្នំឱរ៉ាល់បានឡើយ ៕ សេនាស័ក្តិ