ព័ត៌មានទាន់ហេតុការណ៍៖

យកឈើពុកទល់ទ្រុងរថយន្តចូលផ្សាសាក់ស៊ីបាក់ឈើធ្លាក់ទ្រុងរថយន្តសង្កត់បាក់កស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសជាជាងជួលជុលរថយន្តម្នាក់ បានបាក់កនឹងបែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីរូបគេបានយកឈឺពុកទៅទល់ទ្រុងរថយន្តដើម្បីចូលទៅផ្សាសាក់ស៊ី រួចក៏បាក់ឈឺសង្កត់ស្លាប់តែម្តង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះរបស់ជនរងគ្រោះក្នុងភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

នគរបាលស្រុកបាទី បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ម៉ៃ ឆុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាជាងជួលជុលរថយន្ត តែពុំមានស្តង់ដារត្រឹមត្រូវនោះទេ។

នគរបាលដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើមានជួលជុលរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវគ្មានស្លាកលេខ ដោយរូបគេបានយកឈើប្រវែង៦០សង្ទីម៉ែត្រ កល់ទ្រុងរថយន្តទៅលើដើម្បីចូលទៅផ្សាសាក់ស៊ី លុះពេលកំពុងតែផ្សាស្រាប់តែបាក់ឈើទល់ក៏ធ្លាក់ទ្រុងរថយន្តសង្កត់លើបណ្តាលឲ្យបាក់កនឹងបែកក្បាលគៀបជាប់នឹងរថយន្តស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖