ភ្នំពេញ៖ អាជីវកម្មខារ៉ាអូខេមួយកន្លែង ដែលរងនូវបណ្តឹងពីប្រជាពលរដ្ឋជិតខាង ព្រោះតែមានសំឡេងរំខានដល់ពួកគាត់រាល់យប់ និងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរត្រូវអភិបាលខណ្ឌបញ្ជាឲ្យចុះបិទអាជីវកម្មតែម្តង។
ការចុះបិទអាជីវកម្មខារ៉ាអូខេនេះកាលពីថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៣០នាទីយប់ ស្ថិតនៅផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ហោ វាសនា អភិបាលរងខណ្ឌបានឲ្យដឹងថា មានការអនុញ្ញាតពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌបានឲ្យលោកដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងបិទទីតាំងអាជីវកម្មខារ៉ាអូខេគ្រួសារយីហោ ឌឹបបែលយូ ដែលមានម្ចាស់ឈ្មោះ ឡុង សំណាង ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅជិតខាងក្នុងករណីបង្កសំឡេងរំខានផ្សេងៗ។
លោក អភិបាលរងខណ្ឌបន្តទៀតថា កន្លងមក អាជ្ញាធរខណ្ឌធ្លាប់បានចុះពិនិត្យ និងធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់ទីតាំងកែសម្រួលបញ្ហាសំឡេងរំខានចំនួន ០២លើករួចមកហើយ ប៉ុន្តែម្ចាស់ខារ៉ាអូខេខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ ។
ជុំវិញករណីបិទអាជីវកម្មខារ៉ាអូខេខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរចុះបិទទីតាំងអាជីវកម្មខារ៉ាអូខេខាងលើនេះ គឺដោយសារមួយមានបណ្តឹងពីប្រជាពលរដ្ឋជិតខាង ព្រោះមានសំឡេងរំខានដល់ពួកគាត់។ ទីពីរអាជ្ញាធរធ្លាប់បានចុះណែនាំចំនួន២ដងរួចមកហើយ តែម្ចាស់អាជីវកម្មមិនព្រមធ្វើតាម។ ទីបីទីតាំងខាងលើមានលិខិតអនុញ្ញាតប្រកបអាជីវកម្មផុតសុពលភាព ហើយពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មពីសាលារាជធានីភ្នំពេញឡើយ។ ដូចនេះ អាជ្ញាធរខណ្ឌសែនសុខសម្រេចបិទទីតាំងអាជីវកម្មខារ៉ាអូខេខាងលើនេះតែម្តង ៕ តុង សីហា