ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំកាន់តែពុករលួយ​

ចែករំលែក៖

ប្រភពពី​មន្ត្រី​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ទៀតថា​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​ទើប​អ្វីៗ​ដំណើរការ​យ៉ាង​រលូន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឲ្យ​ដឹងថា​ លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែល​អគ្គនាយក​គយ ទៅទៀត​ទើប​លោក គុណ ញឹម មិន​ហ៊ាន​ប៉ះពាល់​លោក ទី ប៊ុន​ឡង់ ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​។​

ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំ​កសិផល​ចេញទៅ​លក់​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក ទី ប៊ុន​ឡង់ ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ដឹក​កសិផល​ដូចជា ផ្លែស្វាយ​ចេញទៅ​ស្រុក​សៀម ត្រូវ​បង់លុយ​ក្នុង​មួយ​រទេះ​ចាប់ពី​៥០០០​រៀល ក្នុង​១​រ៉ឺម៉ក​ចាប់ពី​១០០០០​រៀល​ទៅ​១៥០០០​រៀល ចំណែក​អ្នក​ដឹក​តាម​រថយន្ត​នីសា​ន់ រថយន្ត​សាំ​យ៉ុង ឬ​រថយន្ត​កូរ៉េ​ត្រូវ​បង់លុយ​ពី​២០០០០​រៀល​ដល់​៣០០០០​រៀល​ទើប​អាច​ឆ្លងដែន​ចូល​ស្រុក​សៀម​បាន​។

អំពើពុករលួយ​ធំ​បំផុត​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គឺ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ត្រូវ​បង់​ចូលក្នុង​ហោប៉ៅ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ ៕

 


ចែករំលែក៖