ខេត្តពោធិ៍សាត់៖ ប្រជានេសាទរាយមង, សន្ទូចជាឧបករណ៍លក្ខណៈគ្រួសារការរាយណ៍ថា មានបទល្មើសនេសាទខុសច្បាប់ស្តីពីជលផលប្រភេទ(អួនហំ)ច្រើនវង់ កំពុងធ្វើសកម្មភាពរាល់ថ្ងៃ និងបំផ្លិចបំផ្លាញមង,សន្ទូចរបស់ពួកដាច់ខ្ទេចខ្ទីគ្មានសល់ មន្រ្តីជំនាញរដ្ឋបាលជលផលស្ងាត់មាត់ដូចគេចុក ខណៈក្រុមបទល្មើសអួនហំទាំងនេះមាននគរបាលសេដ្ឋកិច្ចខេត្តម្នាក់ និងនាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួងម្នាក់ទៀតនៅពីក្រោយ។
ប្រភពការរាយណ៍ខាងលើបន្តថា ក្រុមអួនហំខុសច្បាប់ស្តីពីជលផលដែលកំពុងធ្វើកម្មភាពបំផ្លិចបំផ្លាញមង,សន្ទូចប្រជានេសាទរាល់ថ្ងៃនោះ គេង្កេតឃើញនៅម្ដុំព្រំប្រទល់ស្រុកកណ្ដៀង និងស្រុកក្រគរ ពិសេសក្នុងអតីតៈ(ឡូត៍នេសាទលេខ៧) ស្ថិតក្នុងភូមិកេះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពការរាយណ៍ដដែលបន្តទៀតថា ជាអចិន្ត្រៃយ៍គេសង្កេតឃើញឧបករណ៍ប្រភេទអួនហំ ដែលមានប្រវែងមិនក្រោមចាប់ពី៧០០ម៉ែត្រទៅ៨០០ម៉ែត្រនោះទេក្នុង ១វង់ៗ ហើយមានមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ឈ្មោះ សារឿន សារ៉ាវុធ និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងម្នាក់ទៀតឈ្មោះ សេង សំណាង(ហៅដំរី)នៅពីក្រោយ ហើយគេឮព័ត៌មានអេចអូចជាច្រើនលើកឡើងស្រឌៀងៗថា ឧបករណ៍ប្រភេទអួនហំខាងលើនេះក្នុង ១វង់ៗត្រូវបានរត់ការ គ្រប់ស្ថាប័នពាក់ព័ន្ធអស់ចាប់ពីចំនួន ២៥លានរៀល ទៅចំនួន ៣០លានរៀល ហើយគេយកលុយរត់ការជាតំណាក់តាមការនិយាយគ្នាជាក់ស្ដែង។
ប្រភពដដែលបញ្ជាក់បន្ថែមបន្តទៀតថា ដោយសារតែមានសមត្តកិច្ចនគរបាលនៅពីក្រោយ និងក្រុមអ្នកប្រព្រិត្តបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលទាំងនោះ ចំណាយលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះហើយ ទើបពួកគេធ្វើសកម្មភាពដោយមិនខ្វល់ពីការខូចខាត់ឧបករណ៍នេសាទតូចតាច បញ្ហានេះពួកគាត់ទទូចសំណូមពរក្រសួងមានសមត្តកិច្ចពិសេសអាជ្ញាធរ គួរមានវិធានការចាត់អធិការកិច្ចចុះស្រាវជ្រាវផង ក្រែងថាប្រជានេសាទចេះតែនិយាយដោយគ្មានករណីពិតប្រាកដ។
ទោសជាប្រភពព័ត៌មានរាយការណ៍ខាងលើជាប់ជំពាក់វាក់វិន ទៅនឹងមន្រ្តីនគរបាល ២រូបបែបនេះក្តី នៅព្រឹកថ្ងៃព្រហស្បតិ៍្ត ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ អ្នកសារព័ត៌មាន នគរវត្ត មិនអាចស្វែងរកសុំការពន្យល់ពីលោក សារឿន សារ៉ាវុធ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោក សេង សំណាង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងបាននោះឡើយ៕ ប៉ឹម ពិន