ខេត្តរតនគិរី៖ ប្រជាពលរដ្ឋ១៤គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ និងជនទីទាល់ក្រស្ថិតនៅភូមិយ៉ែម ឃុំស៊ើង ស្រុកបរកែវ។ ផ្ទះចំនួន៤ខ្នង និងផ្ទះបាយ៣ខ្នងទៀត ដែលត្រូវភ្លើងឆេះនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ យប់ថ្ងៃទី ៤ ខែ កុម្ភះ ឆ្នាំ ២០១៨ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តផ្តល់ជូន។
ការផ្តល់ជូនេះបានធ្វើឡើងនៅរសៀលថ្ងៃ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តអមដំណើរដោយសមាជិកសមាជិការគណៈកម្មាធិការសាខា។
បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមចែកជូនគ្រួសារទាំង១៤ គ្រួសារ ក្នុង១ គ្រួសារ ទទួលបាន អង្ករ៣០គីឡូគ្រាមកៅស៊ូតង់ ៤ គុណ ៥ m ចំនួន ១ មុង ១ ភួយ ១ សារ៉ុង ១ក្រម៉ា១កន្ទេល១ឆ្នាំង២ចាន១០ស្លាបព្រា ១០ ទឹកស៊ីអ៊ីវ ១ យួរ មី ១ កេះ ត្រីខ ១យួរ ប្រេងឆា២ដប អំបិល២គីឡូគ្រាម សាប៊ូ ១កញ្ចប់និងថវិកា៤ម៉ឺនរៀល ។
សាលាស្រុកបរកែវផ្តល់ជូនបន្ថែម១គ្រួសារអង្គរ៥០គីឡូគ្រាមនិងថវិកា៥ម៉ឺនរៀលផងដែរ។
ផ្ទះប្រជាពលរដ្ឋ១៤គ្រួសារ ដែលភ្លើងឆេះនោះបណ្តាលមកពីម្ចាស់ផ្ទះមិនបានពន្លត់ភ្លើងចង្រ្កានពេលដាំស្លររួចហើយភ្លើងចង្ក្រាននៅបន្តឆេះរាលដាលឆេះផ្ទះ តែម្តង។
លោក ថង សាវុន បានពាំនាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខនិងការចូលរួមសោកស្តាយពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋ ១៤ គ្រួសារ ដែលបានបាត់បង់ទ្រព្យសម្បត្តិនិងលំនៅឋានតែមួយប្រព្រិចភ្នែកដោយសារធ្វេស ប្រហេស។
លោកបានដាក់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងភូមិយ៉ែម ទាំងមូល សូមមានស្មារតីប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះគ្រោះអគ្គីភ័យ ពីគ្រោះថា រដូវនេះជារដូវក្តៅ។
ត្រូវណែនាំកូនចៅកុំអោយលេងភ្លើងចង្រ្កាន ភ្លើងធូកភ្លើងទៀនជាដើម ដើម្បីជៀសវាងអគ្គីភ័យកើតឡើងដោយប្រការណាមួយ។
ការយកចិត្តនិងចែកអំណោយនេះដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយពោលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមចុះជួយ ជានិច្ច។
លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះធ្វើឯកសារ សម្គាល់អត្តសញ្ញាណផ្សេងៗជូនដល់ប្រជាពលរដ្ឋទាំង ១៤ គ្រួសារ ដូចជា សៀវភៅគ្រួសារសំបុត្រកំណើតជាពិសេសអត្តសញ្ញាណប័ណ្ណពីព្រោះឯកសារទាំងនេះត្រូវបានឆេះអស់ហើយដូច្នេះត្រូវអន្តរាគមធ្វើថ្មីជូនពួកគាត់ជាបន្ទាន់ ៕ ជីវន្ត