ព័ត៌មានទាន់ហេតុការណ៍៖

សួរមេរៀនមិនចេះ គ្រូវាយសិស្សនឹងបន្ទាត់ ឪពុកម្ដាយខឹងប្ដឹងទារ៨លានរៀល

ចែករំលែក៖

ខេត្តតាកែវ៖ គ្រូបង្រៀននៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទីម្នាក់ត្រូវអាណាព្យាបាលខាងកូនសិស្សស្រីប្ដឹងទាមទារសំណងចំនួន៨លានរៀល បន្ទាប់ពីលោកគ្រូវាយសិស្សនឹងបន្ទាត់ចំស្មាពេលសួរមេរៀនមិនចេះនេះ បើតាមផេកហ្វេសប៊ុក «បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា» បានយកចុះផ្សាយកាលពីថ្ងៃទី១ កុម្ភៈ ២០១៨នេះ។

ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី២២ វិច្ឆិកា ២០១៧ មកម្លេះ។ លោកគ្រូ មួង ទូចជាគ្រូគណិតវិទ្យាចំណែកឯសិស្សស្រីមានអាយុ១៣ឆ្នាំរៀនថ្នាក់ទី៨F នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទីឃុំចំបក់ស្រុកបាទីខេត្តតាកែវ ។ ខាងក្រោមនេះ ជាសំនួរ និងពាក្យរបស់កូនស្រីលោកគ្រូគណិតវិទ្យាឈ្មោះ មួង រ៉ានុតពិសី បានអោយដឹងថា សូមបងប្អូនអានទាំងអស់គ្នា ហើយបញ្ចេញមតិយោបល់ទៅមើលថា សមនឹងឪពុកម្តាយសិស្សប្តឹងទេ កាលដែលលោកគ្រូវាយសិស្ស។

កញ្ញា មួង រ៉ានុតពិសី បន្តថា «តើវាពិតជាការរំលោភសិទ្ធកុមារធ្ងន់ធ្ងរណាស់មែនទេ? គ្រូសួរមេរៀនមិនចេះវាយមួយបន្ទាត់ចំស្មាខាងក្រោយបែរជាអាណាព្យាបាលសិស្សប្តឹងយក៨លានរៀល។តែអ្វីដែលសំខាន់មិនមែនវាយសិស្សតែម្នាក់ទេគឺវាយ៨នាក់ពេលសួរមេរៀនមិនចេះ។ពាក្យថាគ្រូជាឳពុកម្តាយទី២វាលែងមានតម្លៃទៀតហើយក្នុងសង្គមខ្មែរយើង។ គ្រាន់តែចង់អោយកូនគេចេះ ហេតុអីត្រូវជាប់គុកច្រវ៉ាក់ ប៉ាអើយប៉ា… ប៉ាហត់ហើយស្ទើរមួយជីវិតរបស់ប៉ាក្នុងនាមជាគ្រូប៉ាទទួលបានអីខ្លះ? កូនធ្លាប់ប្រាប់អោយប៉ាឈប់បង្រៀនតែប៉ាថា ស្តាយចំណេះដែលធ្លាប់មានចង់បន្តចំណេះដល់ក្មេងជំនាន់ក្រោយ។ អ្វីទៅជាភាពយុត្តិធម៌សម្រាប់គ្រូបង្រៀនជនបទម្នាក់?» ។

បើតាមលោក សន សុវណ្ណឌី ដែលត្រូវជាបងប្រុសរបស់សិស្សស្រី ដែលត្រូវគ្រូវាយឯណោះវិញ បានរៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ការអប់រំសិស្សមិនមានអ្វីខុសទេ ប៉ុន្តែការវាយសិស្សមិនថា ស្រាលក្តីធ្ងន់ក្តីក្នុងគោលបំណងអប់រំ ឬធ្វើទុក្ខបុកម្នេញ គឺជាអំពើហិង្សាដែលជាទង្វើខុសច្បាប់ និងខុសពីវិជ្ជាជីវៈគ្រូបង្រៀន។

លោកបញ្ជាក់ថា វាកើតឡើងច្រើនណាស់មកហើយនាពេលកន្លងមក ប៉ុន្តែមិនមានដំណោះស្រាយណាមួយសមស្របឡើយមានតែការលាក់បាំងតគ្នាពីសំណាក់គ្រូបង្រៀនរហូតដល់ថ្នាក់គ្រប់គ្រងសាលាក្នុងន័យរក្សារកេរ្តិ៍ឈ្មោះសាលាធ្វើអោយមានការខឹងសម្បាពីសំណាក់អាណាព្យាបាលសិស្សជាច្រើនដែលគ្រូបង្រៀននៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទីម្នាក់បានប្រើប្រាស់អំពើហិង្សាលើប្អូនស្រីខ្ញុំដោយប្រើបន្ទាត់ដែកវាយលើខ្នងធ្វើអោយប៉ះពាល់ដល់សួតជាទំងន់ធ្វើអោយមានបញ្ហាផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ ។

លោក សន សុវណ្ណឌី បន្តថា «ប្រើអំពើហិង្សារលើប្អូនស្រីខ្ញុំមិនទាន់មានដំណោះស្រាយមួយណាផងបែរជាចង់នាំគ្នាប្ដឹងអាណាព្យាបាលជនរងគ្រោះពីបទបរិហាកេរ្តិ៍ទៀតតើវាមិនមែនជារឿងកំប្លែងចុងឆ្នាំ២០១៧ទេមែនទេ? វាជារឿងដាច់ដោយឡែកសម្រាប់គ្រូបង្រៀនម្នាក់ប៉ុណ្ណោះសូមលោកគ្រូអ្នកគ្រូមេត្តាយល់និងអធ្យាស្រ័យ» ។

លោកបានបន្ថែមទៀតថា ច្បាប់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនឆ្នាំ២០០៨មាត្រា១២ចែងថា៖គ្រូបង្រៀនមិនត្រូវសមគំនិតតាមផ្លូវកាយឬតាមផ្លូវចិត្តឬសម្ភារៈ និងឬតាមរយៈការផ្ដល់មធ្យោបាយដែលធ្វើឲ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ ។ គ្រូបង្រៀនមិនត្រូវដាក់ទណ្ឌកម្មខាងផ្លូវកាយ និងផ្លូវចិត្តដែលនាំឲ្យមានផលប៉ះពាល់ដល់អ្នកសិក្សាទេ ។ លោកក៏សំណូមពរលោកគ្រូ ដែលអះអាងថាការវាយក្មេងស្រីនៅក្នុងសាលារហូតដេកពេទ្យមិនមានកំហុសមេត្តាមើលផង។

ទោះជាយ៉ាងនេះក្តីនៅមិនទាន់អាចបរិយាយបន្ថែមបានទេថា ខាងណាខុសខាងណាត្រូវឡើយ ព្រោះមិនអាចសុំការបំភ្លឺពីភាគីទាំងសងខាង ក៏ដូចអាជ្ញាធរនិងថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តតាកែវនៅឡើយទេ។ ខាងលើនេះជាមតិពីគ្រួសារភាគីទាំងសងខាងពិត ឬមិនពិតយ៉ាងណានោះ សូមជួយពិចារណានិងជួយផ្តល់មតិមកស្រាយផង៕ ភ្នំដា


ចែករំលែក៖