ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាំញៀនជិត១គីឡូក្រាម និងជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌដង្កោបង្ក្រាបបានក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ រួមសហការជាមួយនគរបានប៉ុស្ដិ៍ដង្កោ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ និងដកហូតថ្នាំញៀន៥កញ្ចប់ធំ ជិត១គីឡូក្រាម នៅចំណុចផ្លូវបេតុងក្បែស្ពានដែក ច្រកចូលទៅក្រុមហ៊ុនស៊ុនទ្រី ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។
​​​​​
នគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានមានទី១ឈ្មោះ នុត លីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងជនសង្ស័យ ឈ្មោះ យឹម ប៉ុនឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ក្នុងប្រត្តិបតិការណ៍បង្ក្រាបនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ហើយជាលទ្ធផលចំពោះមុខ កម្លាំងបានឃាត់ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ធំ ទម្ងន់ប្រហែល១គីឡូក្រាម រួមជាមួយម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក Duke ពាក់ស្លាកលេខ ភ្នំពេញ 1.CU-6552 និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រឹម សង់សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1-GM-2632។

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ថាមានការជួញដូរថ្នាំញៀននៅចំណុចខាងលើ ។ ក្រោយទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំង ដោយសហការជាមួយនគរបាលប៉ុស្តិ៍ដង្កោ ចុះទៅបង្ក្រាបបានជាក់ស្តែងប្រាកដមែន ខណៈជនសង្ស័យទាំង២នាក់កំពុងដោះដូរថ្នាំញៀន ក៏ឃាត់ខ្លួនមកយកសួរនាំនៅប៉ុស្តិ៍នគរបាលដង្កោ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុង សាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងដើម្បីបញ្ជួនបន្តចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖