ព័ត៌មានទាន់ហេតុការណ៍៖

ស្ទូចទាំងរថយន្តនិងម្ចាស់ទៅពិន័យពេលជិះរថយន្តទើបទិញមិនបង់ពន្ធនិងមិនទាន់ធ្វើស្លាកលេខ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រថយន្តតូយ៉ូតាព្រូសថ្មីច្រឺងមួយគ្រឿង ត្រូវបានសមត្ថកិច្ចពន្ធដារខេត្តបាត់ដំបងស្ទូចទាំងម្ចាស់ជិះច្រើននាក់ក្នុងរថយន្តនាំយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដោយសារ ដោយពួកគេមិនព្រមចុះចេញពីរថយន្តឡើយ ខណៈដែលរថយន្តនេះបាននិងកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវដោយគ្មានស្លាកលេខ ហើយក៏ត្រូវអង្គភាពពន្ធដារចាប់ឲ្យបង់ពន្ធ ។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង០៤នាទីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលថ្នល់ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការឃាត់រថយន្តមួយគ្រឿង ដែលគ្មានស្លាកលេខ ម៉ាកតូយ៉ូតា ព្រូស ពណ៌ក្រហម ផលិតឆ្នាំ២០១៥ ជាកម្មសិទ្ធិរបស់ឈ្មោះ ឡៃ ស្រីលាវ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដែលកំពុងបើកបរក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង។

ការឃាត់រថយន្តនេះ ត្រូវបានស្រ្តីជាម្ចាស់រថយន្តអះអាងថាខ្លួនទើបនឹងទិញមកពីឃ្លាំងនៅក្រុងភ្នំពេញ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយគ្រោងនាំយកមកបង់ពន្ធនិងធ្វើស្លាកលេខ នៅខេត្តបន្ទាយមានជ័យ ហើយក៏ត្រូវអង្គភាពជំនាញចាប់តែម្តង។

ស្រី្តម្ចាស់រថយន្តបានឲ្យដឹងទៀតថា គាត់ត្រូវបានអង្គភាពពន្ធដារបង្ខំឲ្យផ្តិតមេដៃ លើលិខិតដកហូតមួយ ហើយតម្រូវឲ្យបង់ប្រាក់មួយចំនួន ព្រមទាំងសុំឲ្យពួកគាត់លុបរូបភាពដែលថតទៅលើក្រុមការងារចោលផងដែរ។ ប៉ុន្តែក្រោយពីពួកគាត់មិនព្រមផ្តិតមេដៃ និងមិនព្រមបង់ប្រាក់ ស្រាប់តែមន្ត្រីពន្ធដារម្នាក់ ដែលជាប្រធានការិយាល័យ ពន្ធដារស្រុកឈ្មោះ ទែន ជំនិត ហែកឯកសារនោះចោលតែម្តង ព្រមទាំងបានបញ្ជាឲ្យកូនចៅយករថយន្តស្ទូចមកស្ទូចនាំយករថយន្តនេះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តជាបណ្តោះអាសន្នដោយក្នុងនោះស្ទូចទាំងគាត់ម្ចាស់រថយន្តនិងក្មេងតូចៗពីរ បី នាក់ជិះមកជាមួយ ដោយសារគាត់មិនព្រមចុះចេញពីរថយន្ត។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា ខណៈដែលភាគីរថយន្តមកដល់ក្នុងស្នងការដ្ឋាននគរបាលខេត្តគឺមានអ្នកសារព័ត៌មានចោមរោមសាកសួរ ដោយសារមានចម្ងល់ ហើយនាំគ្នានិយាយយ៉ាងធ្ងន់ៗទៅលើអង្គភាពសាខាពន្ធដារខេត្ត ដែលកំពុងកៀប និងជម្រិតយកប្រាក់ព្រមទាំងបង្ខំឲ្យម្ចាស់រថយន្តផ្តិតមេដៃ ដោយមិនបានអានខ្លឹមសារឲ្យគេស្តាប់បន្តិចសោះ ។

ជុំវិញបញ្ហានេះដែរ នៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃដដែល មន្ត្រីពន្ធដារចំនួន៣ រូបដែលដឹកនាំដោយលោកអនុប្រធាន ទូច សុទ្ធី បានចូលមកបំភ្លឺថា ការឃាត់រថយន្តនេះកម្លាំងរបស់លោករកឃើញឯកសារគឺមានតែ បង្កាន់ដៃនាំចូលតែប៉ុណ្ណោះ គឺចូលមកតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ម្ល៉េះ រីឯលិខិតលក់ ទិញ ពីឃ្លាំងណាមួយនោះ គឺសស្អាតដោយគ្មានសរសេរអ្វីទាំងអស់ ហាក់មានចេតនា ឬគំនិតទុច្ចរិតអ្វីមួយ។

លោកអនុប្រធានបានបន្ថែមថា ដោយសារបញ្ហានេះ គឺអង្គភាពត្រូវធ្វើការពិន័យទៅតាមបង្កាន់ដៃពន្ធនាំចូល មានន័យថា រថយន្តនេះមិនបានបង់ពន្ធ ចូលរដ្ឋ ចំនួន៣ឆ្នាំមកហើយ ចំណែកប្រាក់១០ម៉ឺនរៀល ដែលមន្ត្រីលោកតម្រូវឲ្យបង់នោះ លោកសុំធ្វើការបំភ្លឺថា ហេតុផលមាន២ចំណុច ទី១៖ត្រូវឲ្យម្ចាស់យានយន្តបង់ពន្ធឲ្យគ្រប់ចំនួននៅនឹងកន្លែងចុះប្រតិបត្តិការ ទើបចេញបណ្ណជូន, ទី២៖ ការចេញលិខិតតម្រូវឲ្យម្ចាស់យានយន្តបង់ប្រាក់មួយចំនួននេះ មិនមែនមានន័យថាទាមទារនោះទេ គឺឲ្យម្ចាស់ដាក់ប្រាក់ធានា ដើម្បីឲ្យគាត់ត្រឡប់មកបង់ពន្ធវិញឲ្យបានគ្រប់ចំនួន ដោយសារតែឃើញពួកគាត់មានក្មេងតូចច្រើន។

យ៉ាងណានៅយប់នោះ ជម្លោះនេះត្រូវបានរំសាយសិនដោយភាគីទាំងសងខាងសន្យា ជួបគ្នាវិញនៅព្រឹកថ្ងៃទី ៨កុម្ភៈ ប៉ុន្តែរហូតមកទល់នឹងថ្ងៃត្រង់ថ្ងៃដដែលទៅហើយ គេមិនបានឃើញម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទេ ទើបសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ សហការី


ចែករំលែក៖