ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងរវាងស្រ្តីជើងខ្លាំងម្នាក់ បានជេរប្រមាថកម្លាំងនគរបាលចរាចរនិងកម្លាំប្រជាការពារ ពេលចុះរៀបសណ្តាប់ធ្នាប់តាមដងផ្លូវ ស្រាប់តែស្រ្តីរូបនោះ មកជេរបញ្ចោររួមទាំងកញ្ឆក់យកទូរស័ព្ទដៃរបស់កម្លាំងប្រជាការពារខណ្ឌម្នាក់បោកចោលបណ្តាលឲ្យបែកខូចខាតអស់ ខណៈកម្លាំងបានចុះជូនដំណឹងកុំឲ្យមានការឈប់ចតលើបណ្តោយផ្លូវលេខ១០៦និង១០៨ ដែលជាផ្លូវហាមឃាត់នោះ ហើយសមត្ថកិច្ចបានស្ទូចទាំងមនុស្សនិងរថយន្តមកសាលាខណ្ឌដូនពេញតែម្តង ។
ករណីស្រ្តីជើងខ្លាំងដែលជេរប្រមាថនិងបោទូរស័ព្ទដៃប្រជាការពារខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចណុចផ្លូវលេខ១០៨ ស្ថិតខាងលិចផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញ ក្នុងការអនុវត្តជាប្រចាំ ណែនាំក៏ដូចជាចេញប្រកាសពីការឈប់ចតនានា នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវនាំឲ្យប៉ះពាល់ និងបាត់បង់សណ្តាប់ធ្នាប់នោះ ជាពិសេសទៀតនៅបណ្តោយផ្លូវលេខ១០៦ និង១០៨ ដែលជាផ្លូវហាមឃាត់នោះ ទើបនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងនគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ នៅបណ្តោយផ្លូវ២ខ្សែនោះ លុះដល់ក្បែរផ្សារចាស់ ក៏ឃើញរថយន្តម៉ាកToyota Corolla ស៊េរីទំនើប១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AO-3360 បានឈប់ចតនៅចិញ្ចើមផ្លូវមិនឃើញមានម្ចាស់នោះ កម្លាំងបានរៀបចំស្ទូច ស្រាប់តែស្រ្តីម្ចាស់ឡានបានមកដល់សុំអង្វរកម្លាំងកុំឲ្យស្ទូចរថយន្តរបស់គាត់ ពេលនោះកម្លាំងព្រមតាមសំណូមពររបស់ស្រ្តីម្ចាស់ឡានCorolla រូបនោះ ដោយមិនស្ទូចនោះទេ ហើយស្រ្តីរូបនោះក៏បើករថយន្តចេញផងដែរ ។
ប្រភពដដែរ បានបន្តទៀតថា ខណៈដែលស្រ្តីរូបនោះគាត់បើកចេញទៅហើយនោះស្រាប់តែគាត់ក៏បានបត់រថយន្តមករករឿងស្រែកជេរប្រមាថដល់កម្លាំងទាំងអស់នោះវិញ ហើយខណៈនោះកម្លាំងបានលើកទូរស័ព្ទមកថតរូបពីសកម្មភាពដែលស្រ្តីរូបនោះ បានស្រែកជេរប្រមាថដល់កម្លាំងអាជ្ញាធរយ៉ាងចាស់ដៃផងដែរ ។ ភ្លាមនោះស្ត្រីជើងខ្លាំងបានចេញពីរថយន្តរបស់ខ្លួនមកចាប់បោកទូរស័ព្ទដៃមួយគ្រឿង របស់កម្លាំងប្រជាការពារ បណ្តាលឲ្យបែកខ្ទេចអស់ ហើយប្រុងបើករថយន្តរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលចរាចរ នាំគ្នាឃាត់និងស្ទូចទាំងមនុស្សនឹងរថយន្តមកសាលាខណ្ឌដូនពេញ ដើម្បីរក្សាទុកផងដែរ។ បន្ទាប់ពី ស្ទួចរថយន្តនិងស្រ្តីជើងខ្លាំងបញ្ជូនមកដល់សាលាខណ្ឌដូនពេញ បែរជាស្រ្តីរូបនោះ ហាក់បីដូចជាស្តូតបន្តិច ដោយព្រមសុំទោសអាជ្ញាធរ និងសំណូមពរឲ្យអាជ្ញាធរជួយសម្របសម្រួលឲ្យរូបគាត់ផង ។
ក្រោយមកដោយស្ត្រីខាងលើនេះព្រមទទួលកំហុសរបស់ខ្លួន ទើបអាជ្ញាធរខណ្ឌដូនពេញ ក្រោមការសម្របសម្រួលរបស់លោកចាប ឌីណា នាយករដ្ឋបាលខណ្ឌ បានអប់រំណែនាំគាត់ឲ្យឈប់ធ្វើដូច្នេះតទៅទៀត ។ ចំណែកទូរស័ព្ទដៃមួយគ្រឿង ដែលគាត់បានបោកខ្ទេចរបស់កម្លាំងប្រជាការពារម្នាក់នោះ គឺគាត់សុខចិត្តចេញសំណងឲ្យវិញផងដែរ និងអាជ្ញាធរក៏អនុញ្ញាតឲ្យគាត់បានវិលទៅផ្ទះវិញផងដែរ៕ ស តារា