ព័ត៌មានទាន់ហេតុការណ៍៖

ព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តព្រះវិហារសម្បូរដីប៉ូឈើអត់ច្បាប់ និងសម្បូរសមត្ថកិច្ចជាច្រើនស្ថាប័ននៅទីនោះ

ចែករំលែក៖

ខេត្តកំពង់ធំ ខេត្តព្រះវិហារ៖ នៅលើកំណាត់ផ្លូវជាតិលេខ៦២ រវាងព្រំប្រទល់ស្រុករវៀង ខេត្តព្រះវិហារ នឹងស្រុកប្រាសាទបល្លង្គ ខេត្តកំពង់ធំបានក្លាយទៅជាសម្បុកទីតាំងដេប៉ូឈើអត់ច្បាប់យ៉ាងច្រើនបំផុត ហើយម្តុំទីនោះ ក៏សម្បូរទៅដោយសមត្ថកិច្ច និងជំនាញស្ថាប័ននៅជាប់ៗគ្នា ជាស្នាក់ការ ជាកុងត្រូលជជុះ គ្រាន់តែដីមិនដល់កន្លះគីឡូម៉ែត្រផងនោះ។

ដេប៉ូឈើខុសច្បាប់ជាច្រើននៅក្នុងស្រុកប្រាសាទបល្លង្គ ជាប់ព្រំប្រទល់ស្រុករវៀង ខេត្តព្រះវិហារ ក្នុងនោះម្ចាស់ដេប៉ូនីមួយៗបានប្រមូលទិញឈើអារប្រភេទលេខ២ពីគោលយន្ត ពីឡានទួរីស ពីរថយន្តចំណុះ២តោនកន្លះ ឬ៥តោន ជារៀងរាល់យប់។ តាមទម្លាប់ឈើទាំងនោះបានដឹកយកមកតាមដេប៉ូចាប់ពីវេលាម៉ោង៩យប់ រហូតដល់ម៉ោង១ឬម៉ោង២រំលងអធ្រាត្រយ៉ាងប្រសេចប្រសាច ដែលសកម្មភាពទាំងនេះ ធ្វើឡើងនៅចំពោះមុខ សមត្ថកិច្ចជាច្រើនស្ថាប័ន ពិសេសដេប៉ូឈើខុសច្បាប់ទាំងនោះជាប់ស្នាក់ការរដ្ឋបាលព្រៃឈើ និងទីតាំងសមត្ថកិច្ចជាច្រើនស្ថាប័នទៀត ពិសេសបើគ្មានការបង់ប្រាក់ជាមុន ឬបង់ប្រចាំខែទេនោះ សមត្ថកិច្ចជាច្រើនបានមកឃាត់រថយន្ត ឃាត់គោយន្ត ដើម្បីចរចាឲ្យបង់ប្រាក់ ឬមានរថយន្តជាច្រើនគ្រឿងប្រដេញបិទពីមុខ បិទពីក្រោយក្លាយទៅជាសកម្មភាព នៃកុងត្រូលជជុះយ៉ាងពេញទំហឹង។

ក្នុងស្រុកប្រាសាទបល្លង្គ ខេត្តកំពង់ធំ ទីតាំងដេប៉ូឈើ ដែលប្រមូលទិញឈើខុសច្បាប់ធំជាងគេ គឺឈ្មោះចែ អូន ក្នុងនោះ គាត់មានដេប៉ូចំនួន២ទីតាំងទៀតនៅក្នុងខេត្តព្រះវិហារ ចែអូន តែងទទួលទិញឈើ ដែលឈ្មួញប្រមូលទិញ ពីប្រជាពលរដ្ឋ ចូលកាប់បំផ្លាញនៅក្នុងតំបន់ព្រៃឡង់ មានស្រុកឆែប ស្រុករវៀង និងឈើមួយចំនួនទៀត កាប់បំផ្លាញនៅក្នុងដីសហគមន៍រក្សាទុករបស់រដ្ឋ ។

ក្រៅពីប្រមូលទិញឈើពីការដឹកជញ្ជូនដោយគោយន្ត ដោយរថយន្តទួរីស ដោយរថយន្តពីរតោនកន្លះ ឬ៥តោន ចែ អូន បានចេញមុខទិញឈើផ្តាច់មុខពីរថយន្តយីឌុបធំៗ ដែលមានប៉េសេ ប៉ុន្តែឈើទាំងនោះ ដឹកចែកចាយនៅក្នុងខេត្តព្រះវិហារ ប៉ុន្តែគេប្រើល្បិច ដឹកមកដល់ត្រឹមស្រុករវៀង រវាងព្រំប្រទល់ស្រុកប្រាសាទបល្លង្គខេត្តកំពង់ធំ ក្នុងដីចម្ងាយប្រមាណជា៥០០ម៉ែត្រ គេបានលួចឆ្លងពីទឹកដីខេត្តព្រះវិហារចូលទឹកដីខេត្តកំពង់ធំ ។ សកម្មភាពនេះជាអំពើខុសច្បាប់ ខណៈឈើមានច្បាប់ឲ្យដឹកចែកចាយបម្រើការក្នុងខេត្តព្រះវិហារ តែលួចឆ្លងមកខេត្តកំពង់ធំ ។ យ៉ាងតិចមានសមត្ថកិច្ចពី៥ទៅ៦កន្លែង គ្រាន់តែចម្ងាយដីព្រំប្រទល់ប្រមាណ៥០០ម៉ែត្រនេះចាំយកលុយ ចាំដាក់ខែ ពីព្រោះមិនត្រឹមតែទីតាំងដេប៉ូឈើរបស់ចែអូន ប៉ុណ្ណោះទេ នៅក្បែរៗនោះសងខាងផ្លូវជាតិលេខ៦២ នៃស្រុកប្រាសាទបល្លង្គ ខេត្តកំពង់ធំនេះ គឺមានដេប៉ូឈើដ៏ច្រើនទៀត ហើយដឹកជញ្ជូននៅចំពោះមុខស្នាក់ការមេព្រៃនេះតែម្តង។

ការបំផ្លាញព្រៃឈើនៅស្រុកឆែប តំបន់ព្រៃឡង់ តំបន់ព្រៃសហគមន៍បម្រុងរបស់រដ្ឋ ត្រូវបានបំផ្លាញលក្ខណៈធ្ងន់ធ្ងរ ដោយសារតែក្រុមដេប៉ូអត់ច្បាប់ទាំងនោះចាំទទួលទិញ ។ ដូច្នេះអាជ្ញាធរខេត្តព្រះវិហារ ក៏ដូចជាអាជ្ញាធរខេត្តកំពង់ធំ គួរពិចារណា និងមានវិធានការទប់ស្កាត់ដើម្បីរក្សា ព្រៃឈើកំពុងរងនូវការកាប់បំផ្លាញ ពិសេស ការដឹកពីខេត្តព្រះវិហារឆ្លងចូលទឹកដីខេត្តកំពង់ធំ ក៏ដូចជាសកម្មភាពព្រំប្រទល់ខេត្តកំពង់ធំរង់ចាំទិញឈើខុសច្បាប់ទាំងនោះ គឺធ្វើឡើងជាលក្ខណៈចំហរ ពិសេសគ្រាន់តែដេប៉ូរបស់ចែអូន មួយកន្លែង ត្រូវបង់ឲ្យសមត្ថកិច្ចអាជ្ញាធរជាច្រើនស្ថាប័នយ៉ាងតិចចាប់ពី៥០០ដុល្លារទៅ៥ពាន់ដុល្លារ ហើយឈើទាំងនោះពេលទិញភ្លាមនៅពេលយប់ មិនអាចលើសក្នុងរយៈពេល២ថ្ងៃត្រូវបានដឹកចេញយកទៅចែកចាយនៅខេត្តកំពង់ចាម រាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កាត់ប៉េសេខ្លះ ខុសច្បាប់ខ្លះ និងក្លាយជាកន្លែងទទួលទិញឈើខុសច្បាប់យ៉ាងអនាធិបតេយ្យបំផុត ៕ សុខ ខេមរា


ចែករំលែក៖