ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញ បញ្ចប់ ជម្លោះវិវាទដីរ៉ាំរ៉ៃ ក្រោមគោលនយោបាយឈ្នះៗរបស់សម្ដេចតេជោហ៊ុន ហែន។
ជម្លោះនេះបានអូសបន្លាយអស់រយះពេលជាងពីរឆ្នាំ រវាងយោធាវរៈការពារព្រំដែន៤០២ នឹងពលរដ្ឋ៤១គ្រួរសារចំនួន ពីភូមិ គឺភូមិចំការចេក និងភូមិអភិវឌ្ឍន៍ ក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក សរ ថាវី លោកបានលើកឡើងនៅក្នុងអង្គប្រជុំថា នេះជាគោលនយោបាយឈ្នះៗរបស់ ប្រមុខរាជរដ្ឋភិបាល និងមានការសណ្តោសប្រណីពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយមិនឲ្យភាគីខាងណាចាញ់ឡើយ គឺឈ្នះទាំងអស់គ្នា គឺខាងភាគីខាងយោធាក៏ឈ្នះ និងភាគីពលរដ្ឋក៏ឈ្នះ អាជ្ញាធរឈ្នះ ដោយលែងមានទុក្ខកង្វល់ទាំងអស់គ្នា ។
នេះក៏ដោយសារតែមានសម្ដេចតេជោហ៊ុន សែនដែលជាប្រមុខដឹកនាំដ៏ល្អ ដែលជានាវាសន្ដិភាពរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២ បានប្តេជ្ញាចិត្ត នៅខាងប្រមុខថ្នាក់ដឹកនាំនិងពលរដ្ឋថា លោកនឹងរក្សាការពារមិនឲ្យមានជម្លោះជាមួយពលរដ្ឋទៀតទេ ហើយលោក ក៏បានអរគុណទៅដល់សម្ដេចតេជោហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជាប់ជានិច្ច ទាំងពលរដ្ឋ និងកងកម្លាំង។
នាឱកាសនេះដែរ ពលរដ្ឋទាំង៤១គ្រួរសារមានការត្រេកអរសប្បាយរីករាយយ៉ាងខ្លាំង រកអ្វីបៀបផ្ទឹមពុំបាន ដែលមានការសម្ដែងមតិអរគុណ និងដឹងគុណដល់សម្ដេចតេជោហ៊ុន សែន ដែលមានការព្រួយបារម្ភស្រឡាញ់ និងបានផ្ដល់ក្ដីសង្ឃឹមដ៏កក់ក្ដៅដល់ពលរដ្ឋគ្រប់រូប ៕ ប៉ែន នួន