ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញ​អ្នកមាន​លុយ មានអំណាច កំពុង​សាងសង់​ផែ​ថ្ម រំលោភ​ឆ្នេរសមុទ្រមិនខ្វល់​ពី​ផលប៉ះពាល់ ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ ខណៈ​វិស័យ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​កំពុងមាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ដោយ​ខេត្ត​បាន​ចែកចេញជា ជលយាន​ប្រភេទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ក្នុង​តំបន់ ឬ​រមណីយដ្ឋាន​តាម​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ ជាពិសេស កោះរុង និង​កោះរុងសន្លឹម​ ជាក់ស្ដែង​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ (​ស្ពិ​ត​បូត មិន​ឱ​មា​រ្ស​) SPEED BOAT MIN ORMAX ដែល​កំពុង​រំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ សាងសង់​សំណង់​ផែ លយ​ចូល​ឆ្នេរសមុទ្រ​រាប់សិប​ម៉ែត្រ ដែល​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​១ (​រំដួល​ជើងភ្នំ​) ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

បើតាម​ម្ចាស់​ការដ្ឋាន​សំណង់​ឥត​ច្បាប់​មួយ​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពិតជា​ការដ្ឋាន​របស់​លោក​ពិតប្រាកដ​មែន តែ​ការសាងសង់​នេះ​លោក​ធ្វើជា​ផែ​ជួសជុល អូប័រ តែប៉ុណ្ណោះ បើ​រដ្ឋ​ត្រូវការ​ដី​នេះ​យកទៅ​អភិវឌ្ឍ​លោក​មិន​ហាមឃាត់​នោះទេ​ ហើយ​ចំពោះ​អ្នកសារព័ត៌មាន​ចង់​ចុះផ្សាយ​រឿងនេះ​ ក៏​ផ្សាយ​ចុះ ម៉ា​សេរី លោក​មិន​ខ្វល់​ច្រើន​នោះទេ​។​

ជាក់ស្ដែង​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ មាន​ក្រុមការងារ​ខេត្ត​ដឹកនាំ​ដោយ​លោក លី វាន់​ដា ប្រធាន​ក្រុមការងារ​គ្រប់គ្រង​តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ចុះទៅ​ពិនិត្យ​ទីតាំង​ដី​មួយកន្លែង ដែល​ម្ចាស់​បាន​សាងសង់​ផែ លយ​ចូល​សមុទ្រ និង​បាន​រៀប​ខឿន​ថ្ម​ត្រៀម​ចាក់ដី​។ ក្នុងពេល​ចុះ​នោះ​ក្រុមការងារ​បាន​និ​ពិ​ត្យ និង​សាកសួរ​ម្ចាស់​ទីតាំង រកឃើញថា ការដ្ឋាន​មួយ​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ​។​

បច្ចុប្បន្ននេះ​ការដ្ឋាន​ត្រូវ លោក លី​វាន់​ដា ប្រធាន​ក្រុមការងារ​គ្រប់គ្រង​តំបន់ឆ្នេរ សម្រេច​ធ្វើ​កំណត់ហេតុ​ដោយ​ហាមឃាត់​មិនឲ្យ​សាងសង់​បន្តទៀត​នោះទេ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​ទៅ​សុំច្បាប់​ឲ្យបាន​ត្រឹមត្រូវ​។ ក្នុងករណី​ម្ចាស់​សំណង់​នៅតែ​រឹងទទឹង​មិន​ស្តាប់​តាម​ការណែនាំ ហើយ​នៅតែ​លួច​ធ្វើ​សកម្មភាព​សាងសង់​បន្ត​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

គួរ​រំលឹក​ផងដែរ​ថា កន្លងមក​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ធ្លាប់បាន​ថ្លែង​ជារឿយៗ​ថា (​ចំពោះ​សំណង់​ណា​ ដែល​សាងសង់​រំលោភ​លើ​ឆ្នេរសមុទ្រ ទោះ​សំណង់​នោះ​មាន​សភាព​តូចតាច ឬ​ធំ ដូចជា​កន្លងមក​នៅ​ឆ្នេរ​អូរត្រេះ​ជាដើម ត្រូវតែ​ហាមឃាត់​ និង​វាយ​កម្ទេចចោល ហើយ​ច្បាប់​ក៏​មិន​អនុវត្តន៍​ចំពោះតែ​ប្រជាពលរដ្ឋ​នោះ​តែ ត្រូវតែ​ស្មើភាព​គ្នា មិន​ថា អ្នកមាន​លុយ​ និង​មានអំណាច​នោះទេ​។ លោក​អភិបាលខេត្ត​ក៏បាន​បន្ថែមថា សំណង់​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​ទទួលស្គាល់​ឲ្យ​សាងសង់​មាន​តែមួយ​ប៉ុណ្ណោះ ស្ថិតនៅ អូរ​ឈើទាល សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​មាន​រួចមកហើយ ដោយ​មិនមាន​ការអនុញ្ញាត​ឲ្យ​មានការ​សាងសង់​ផែ ​ឬ​សំណង់​រំលោភ​នៅ​ចំណុច​ឆ្នេរ​ណា​ទៀត​នោះទេ​។​

ចំពោះ​បញ្ហា​សំណង់​រំលោភច្បាប់​សង់​លើ​ឆ្នេរសមុទ្រ​នេះ ប្រជាពលរដ្ឋ​កំពុងរ​ង់​ចាំមើល​ពី​ការអនុវត្តន៍​ច្បាប់​របស់​សាលាខេត្ត​ព្រះសីហនុ បើទោះបីជា​ពេលនេះ​ត្រូវបាន​កំណត់​ឲ្យផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ការសាងសង់​នេះហើយ​ក៏ដោយ​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖